(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា នាវាបរិស្ថានកម្ពុជា បានបន្តបោះជំហានទៅមុខប្រកបដោយភាពប្រាកដនិយម ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសម្រេចបានលើបេសកកម្មសំខាន់ៗ ដែលរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា។

ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានមុនបើកពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ លោក ខ្វៃ អាទិត្យា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបន្តវេនពីរដ្ឋាភិបាលអាណត្តិទី៦ គឺបានដាក់នូវបទបញ្ជាដល់អាជ្ញាធរ ក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួម ការពារអភិរក្សធនធានធម្មជាតិ ជាពិសេសនៅតាមតំបន់ការពារ ធនធានធម្មជាតិជាដើម។

លោក ខ្វៃ អាទិត្យា បានថ្លែងថា ស្ថាប័នអនុវត្តច្បាប់បានអនុវត្តយ៉ាងតឹងរឹងបំផុតចំពោះជនល្មើសដែលបានចូលកាប់ទន្ទ្រានព្រៃឈើដោយខុសច្បាប់ ព្រមទាំងជំរុញការដាំកូនឈើនៅតាមតំបន់ដែលរងការកាប់ទន្ទ្រានឡើងវិញ ឱ្យបានច្រើន ព្រមទាំងការដាក់ចេញយុទ្ធនាការផ្តល់កូនឈើចំនួន១លានដើម ជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋដាំចាប់ពីឆ្នាំ២០២៤ ដើម្បីឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាព ប្រជាសហគមន៍ ឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងឆ្លើយតបយុទ្ធសាស្រ្តចក្រា ដែលបានដាក់ចេញ ជាពិសេសគ្រប់គម្រោងអភិវឌ្ឍន៍ ដែលបានគាំទ្រដល់ការលើក ស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

«តាមរយៈបទបញ្ជារបស់រាជរដ្ឋាភិបាល កិច្ចគាំពារធនធានធម្មជាតិកាន់តែមានភាពខ្លាំងក្លា ដើម្បីជាប្រយោជន៍រក្សាគម្របព្រៃឈើឱ្យបាន ៦០ភាគរយ នៅឆ្នាំ២០៥០ នាំកម្ពុជាឱ្យក្លាយជាប្រទេសអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ ដូចគ្នា ជាពិសេសការពង្រឹងការអនុវត្តច្បាប់នៅតំបន់ការពារធម្មជាតិបានយ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើស»។ នេះជាលើកឡើងបន្ថែមរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន។

លោក ខ្វៃ អាទិត្យា បានលើកឡើងថា មុននឹងទទួលបានឥណទាន កាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេងៗ ដែលរាជរដ្ឋាភិបាលកម្ពុជា អនុវត្តដើម្បីធានាការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត។ ការសម្រេចទិញឥណទានកា បូនពីកម្ពុជារបស់ក្រុមហ៊ុននានា គឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធនធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «អ៊ឹចឹងកន្លងមកនេះ ការលក់កាបូន របស់យើង គឺទទួលបានជោគជ័យ ដោយមានតំបន់ការពារធនធានធម្មជាតិចំនួន៣កន្លែង ដែលអាចរកចំណូលបានសម្រាប់ការលក់កាបូន តាមរយៈការលក់កាបូននេះ យើងបង្ហាញថាព្រៃឈើរបស់កម្ពុជា នៅល្អ ស្អាត បានជាក្រុមហ៊ុនបរទេស គេទិញកាបូនយើង បើសិនជាអត់មានព្រៃឈើទេ គឺយើងមិនអាចលកកាបូនបានទេ។ ត្រង់ចំណុចនេះហើយបានយើងឆ្លងតបទៅនឹងការលើកឡើងរបស់ជនអគតិមួយចំនួនតូចនៅក្រៅប្រទេសតែងតែព្យាយាមចង់ បំផ្លិចបំផ្លាញកិត្តិយសកម្ពុជា យើងទាក់ទងនឹងព្រៃឈើនេះ»

សូមបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញលើការដាំស្តារព្រៃឈើក្នុងតំបន់រេចរិល នៃតំបន់ការពារធម្មជាតិ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់ ឱ្យបន្តខិតខំអនុវត្តឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត នូវរាល់តួនាទីភារកិច្ចរបស់ខ្លួន ការទទួលខុសត្រូវ និងភាពច្នៃប្រឌិត ដោយបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ជាអាទិ៍៖ ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងប្រជាសហគន៍នៅមូលដ្ឋានទាំងអស់ សម្រាប់ការអនុវត្តសកម្មភាពវិស័យបរិស្ថាន យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ពិសេសការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ឱ្យសម្រេចបានជោគជ័យដ៏ឧត្តុង្គឧត្តមជូនរាជរដ្ឋាភិបាលកម្ពុជា និងសង្គមជាតិយើង៕