(សៀមរាប)៖ លោក លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានអំពាវនាវដល់អ្នកដែលប្រកបរបរ ទាក់ទងនឹងវិស័យទេសចរណ៍ទាំងរដ្ឋ និងឯកជន ត្រូវបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ ដោយភាពទន់ភ្លន់ និងរាក់ទាក់ ដើម្បីឲ្យភ្ញៀវទេសចរមកទស្សនាកាន់ច្រើន។ លោកបន្តថា ចៀសវាងការនិយាយមិនល្អ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ដែលធ្វើឲ្យភ្ញៀវទេសចរធុញនឹងយើង ហើយគេលែងចង់មកទៀត នេះហើយដែលជាការណ៍ ដែលធ្វើឲ្យបាត់ប្រយោជន៍ខ្លួននោះ។
ការអំពាវនាវយ៉ាងដូច្នេះរបស់លោក លី សែ នេះ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ នៅតាមបណ្ដាញសង្គមមួយចំនួន មានការបង្ហោះវីឌីអូបង្ហាញអំពីបញ្ហាមិនសូវមានភ្ញៀវទេសចរ មកកម្សាន្តខេត្តសៀមរាប ច្រើនដូចមុនទេ ហើយក៏មានការចែករំលែកបន្តគ្នាផងដែរ។
លោក លី សែ បានបន្តថា ភ្ញៀវទេសចរដែលមកទិញសំបុត្រ ដើម្បីចូលទស្សនា រមណីយដ្ឋានអង្គរ ក្នុងមួយថ្ងៃមានចំនួនពី១៦០០នាក់ ទៅ១៨០០នាក់ជាង មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ លោករំពឹងថា នឹងមានការកើនឡើងថែមទៀត ដោយសារនេះសម្រាកច្រើន។ ក្នុងនោះ រយៈពេល៦ខែ ឆ្នាំ២០២៤ បើប្រៀបធៀបទៅនឹងរយៈពេល៦ខែ ឆ្នាំ២០២៣ ភ្ញៀវទេសចរ បានកើនឡើង៣៦ភាគរយ។
លោកបន្តថា ចំពោះស្ថិតិភ្ញៀវទេសចរដែលបានទិញសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ រួមមាន៖ ១- សហរដ្ឋអាមេរិក, ២- ចក្រភពអង់គ្លេស, ៣- បារាំង, ៤- កូរ៉េខាងត្បូង, ៥- ចិន, ៦- ជប៉ុន, ៧- អាល្លឺម៉ង់, ៨- អូស្ត្រាលី, ៩- ឥណ្ឌា, ១០- វៀតណាម, ១១- រុស្ស៊ី, ១២- អេស្ប៉ាញ, ១៣- អ៊ីតាលី, ១៤- ថៃ, ១៥- កាណាដា, ១៦- ប៉ូឡូញ, ១៧- នេហឺឡង់, ១៨- ហ្វីលីពីន, ១៩- ស្វីស, ២០-បែលហ្សិក និងប្រទេសផ្សេងៗទៀតផងដែរ។
លោក លី សែ បានបន្តទៀតថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានជើងយន្តហោះចុះក្នុងមួយថ្ងៃ មានពី១៧ ទៅ២០ជើង និងមានជើងហោះត្រង់មួយចំនួនផងដែរ។
លោកបានបញ្ជាក់ គ្រឹះស្ថានអង្គរ អ្នកលក់ចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពុងផែចុងឃ្នៀស ដើម្បីរកចំណូលចូលរដ្ឋជាក់ស្តែង ហើយយើងមិនអាចនិយាយថាមានភ្ញៀវទេសចរ តែអត់បង់លុយចូលរដ្ឋ គឺអត់បានទេ បងប្អូនអាចចូលទៅមើលតួរលេខក្នុងវើបសាយគ្រឹះស្ថានអង្គរ ហើយតួរលេខនោះវាលោតឡើងរហូតនៅពេលភ្ញៀវទិញសំបុត្រ និងបានបង់លុយរួច។ ហើយក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរបានរកចំណូលបានជាង២៤លានដុល្លារ។
លោក លី សែ ទទួលស្គាល់ថា តួរលេខភ្ញៀវទេសចរបច្ចុប្បន្ននេះ មិនអាចធៀបទៅនឹងឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដនោះទេ តែពីមួយឆ្នាំទៅមួយឆ្នាំភ្ញៀវទេសចរ មានការកើនឡើងផងដែរ សូមបងប្អូនដែលប្រកបរបរទាក់ទងនឹងវិស័យទេសចរណ៍ សូមមានការអត់ធ្មត់ ព្រោះយើងត្រូវការពេលវេលា ហើយរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាជានាយករដ្ឋមន្ត្រី ក៏លោកខិតខំស្វះស្វែងផងដែរ៕