(កណ្តាល)៖ នៅព្រឹកថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សស្រុកកណ្ដាលស្ទឹង ជាងមួយរយនាក់។
ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំស្នាក់ការគណបក្សស្រុកកណ្ដាលស្ទឹង ដោយមានការអញ្ជើញចូលរួមពីតំណាងលោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ព្រមទាំងក្រុមការងារគណៈពង្រឹងផងដែរ។
ជាកិច្ចចាប់ផ្តើមសំណេះសំណាល លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា។ លោកអ្នកឧកញ៉ា បានគូសរំលេចថា សម្តេចទាំង៣ តែងតែនឹករលឹក និងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សនៅតាមមូលដ្ឋានគ្រប់រូប ដែលបានប្រឹងប្រែងកិច្ចការនយោបាយ ហើយធ្វើឱ្យបក្សទទួលបានការគាំទ្រ និងឈ្នះរាល់ព្រឹត្តិការណ៍បោះឆ្នោត។
លោកអ្នកឧកញ៉ា ដែលជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានព្រឹទ្ធសភា បានលើកឡើងផងដែរថា សមាជិក សមាជិកាបក្សនៅតាមមូលដ្ឋានជាប្រតិបត្តិករដ៏សំខាន់ក្នុងការជួយឱ្យបក្សខ្លាំង បក្សមានប្រជាប្រិយភាព។ ក្នុងនាមលោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏ដូចជាក្រុមការងារបក្សចុះពង្រឹងស្រុកកណ្តាលស្ទឹងទាំងអស់ លោកអ្នកឧកញ៉ា ទ្រី ភាព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភក្តីភាព និងការប្រឹងប្រែងរបស់សមាជិក សមាជិកាបក្សក្នុងស្រុកកណ្តាលស្ទឹង ដើម្បីបក្សប្រជាជនកម្ពុជា។
«បក្សប្រជាជនកម្ពុជា គឺជាបក្សដែលបានរំដោះអាយុជីវិតរបស់យើងចេញពីរបបប្រល័យពូជសាសន៍ បក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំដទៃទៀត បានធ្វើឱ្យជាតិយើងមានសុខសន្តិភាព មានការរីកចម្រើន ដូច្នេះយើងគ្រប់គ្នាត្រូវតែបន្តប្រឹងប្រែងកសាងប្រជាប្រិយភាពជូនបក្សរបស់យើង»។ នេះជាការក្រើនរំលឹករបស់លោកអ្នកឧកញ៉ា ទ្រី ភាព ទៅកាន់ក្រុមការងារ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្សក្នុងស្រុកកណ្តាលស្ទឹង។
ដើម្បីបន្សល់នូវអនុស្សាវរីយ៍ក្នុងនាមជាថ្នាក់ដឹកនាំពង្រឹងការងារបក្សក្នុងស្រុកកណ្តាលស្ទឹង និងមានកន្លែងបំពេញការងារឱ្យកាន់តែប្រសើររបស់បក្សក្នុងស្រុកកណ្តាលស្ទឹងនោះ លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានប្រកាសសាងសង់អគារទីស្នាក់ការថ្មីរបស់បក្សក្នុងស្រុកកណ្តាលស្ទឹងផងដែរ។ លោកអ្នកឧកញ៉ា បានលើកឡើងបក្សរឹងមាំ ទើបបក្សឈានទៅឈ្នះការបោះឆ្នោត និងឈានទៅដឹកនាំរាជរដ្ឋាភិបាល ដូច្នេះក្នុងនាមជាបក្សដែលខ្លាំង ក៏ត្រូវតែមានទីស្នាក់ការ និងកន្លែងសម្រាប់សមាជិក សមាជិកាធ្វើការងារស្អាតល្អផងដែរ។
ក្នុងកិច្ចសំណេះសំណាលនោះ លោកអ្នកឧកញ៉ា ទ្រី ភាព បន្តក្រើនរំលឹកដល់ក្រុមការងារ ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សក្នុងស្រុកកណ្តាលស្ទឹង បន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់សមាជិក សមាជិកា ហើយត្រូវបន្តយកចិត្តទុកដាក់ក្នុងការកសាងកម្លាំងបក្សបន្ថែមទៀត។
នៅក្នុងឱកាសនោះ លោកអ្នកឧកញ៉ាបណ្ឌិត ក៏បាននាំថវិកាប្រមាណជា ៥៩លានរៀលជូនដល់បក្សតាមបណ្តាឃុំ ក៏ដូចជាជូនដល់សមាជិក សមាជិកាបក្សដែលបានចូលរួមក្នុងពិធីសំណេះសំណាល៕