(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ ព្រែកព្នៅនៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នៅត្រង់ចំណុចមុខរោងចក្រម៉ែនសារុន លើកំណាត់ផ្លូវជា តិលេខ៥ ស្ថិតក្នុង​ភូមិដួង សង្កាត់ព្រែកព្នៅ​​​​​​​​​​​​ ខណ្ឌព្រែកព្នៅ ដកហូតបានថ្នាំញៀនមួយកញ្ចប់ និងម៉ូតូ១គ្រឿង។

មន្ដ្រីនគរបាលខណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន​ ជាអ្នកបើកម៉ូតូម្នាក់ ឈ្មោះ ឯល កូក អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករសំណង់ និងម្នាក់ទៀតដែលរត់គេខខ្លួន ឈ្មោះ លីហ្សា អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

បើតាមមន្ដ្រីនគរបាលខណ្ឌ មុនឈានទៅបង្ក្រាបជនសង្ស័យរូបនេះ ក្រោយកម្លាំងការិយាល័យសណ្តាប់ធ្នាប់ចរាចរណ៍ ក្រុងបានដាក់គោលដៅអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចមុខរោងចក្រ ម៉ែន សារុន តាមបណ្ដោយផ្លូវជាតិលេខ៥ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ក្នុងទិសដៅពីត្បូង ទៅជើង ដោយមាន ការសង្ស័យក៏ធ្វើការត្រួតពិនិត្យ រកឃើញគ្រឿងញៀន១កញ្ចប់ ប្រភេទម៉ាទឹកកក ខណៈនោះជនសង្ស័យម្នាក់ទៀត ជាបក្ខពួកបានដឹងខ្លួនមុន ក៏រត់គេចខ្លួនបាត់ដោយបន្សល់ទុកជនសង្ស័យម្នាក់ ដែលជាអ្នកបើកបរម៉ូតូ ត្រូវកម្លាំងនគរបាលចរាចរឃាត់ខ្លួនតែម្ដង ព្រមទាំងដកហូតម៉ូតូ១គ្រឿង ពណ៍ស ពាក់ស្លាកលេខកណ្ដាល ១Q-៩២៦៥ ទូរស័ព្ទ១គ្រឿង យកមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកព្នៅ ខណ្ឌព្រែក ដើម្បីបន្តស្រាវជ្រាវ។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបាន​ឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ​ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕