(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ផលិតភាព នៃការកែច្នៃអង្ករកម្ពុជា» នៃកម្មវិធី FRESH BUSINESS, លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្គរ Amru Rice បានលើកឡើងពីកត្ដាធំៗចំនួន២ ដែលធ្វើឲ្យកម្ពុជា អាចមានការប្រកួតប្រជែងទីផ្សារ ជាមួយនឹងប្រទេសវៀតណាម និងប្រទេសថៃ ក្នុងការនាំចេញអង្ករ។

លោក សុង សារ៉ន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន Amru Rice បានពិនិត្យលើលទ្ធភាព២ចំណុច ទីមួយ៖ ការប្រតិបត្ដិការឲ្យមានប្រសិទ្ធភាព ដែលធ្វើយ៉ាងណា ដើម្បីកាត់បន្ថយថ្លៃដើម, និងទីពីរ៖ ពិនិត្យលើការគ្រប់គ្រង ក្នុងការចំណាយ, ២ចំណុចនេះ ធ្វើឲ្យយើងអាចមានការប្រកួតប្រជែង ជាមួយនឹងប្រទេសវៀតណាម និងថៃបាន»។

បន្ថែមពីនោះទៀត លោកបានឲ្យដឹងថា ក្រុមហ៊ុន Amru Rice ចំណាយប្រហែល៦០ដុល្លារ ក្នុង១តោន សម្រាប់កែច្នៃស្រូវសើម ឲ្យចេញជាអង្ករ ដើម្បីខ្ចប់នាំចេញ បើប្រៀបធៀបនឹង៥ឆ្នាំមុន ក្រុមហ៊ុនចំណាយជិត ១០០ដុល្លារក្នុង១តោន ដោយឡែកចំពោះវៀតណាម គិតពេលបច្ចុប្បន្ន ចំណាយ ៣០ដុល្លារប៉ុណ្ណោះ៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងរបស់លោក សុង សារ៉ន៖