(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ​ មន្ទីរពេទ្យកាល់ម៉ែត បានប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី ២៦ ក្រោមប្រធានបទ «កិច្ចសហការពហុឯកទេស និងនវានុវត្តន៍ ដើម្បីគុណភាពនៃការថែទាំព្យាបាល» ដែលប្រព្រឹត្ដទៅក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងមានការចូលរួមពីនាយក និងប្រធានមន្ទីរពេទ្យថ្នាក់ជាតិ រួមទាំងសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសជាច្រើនរូបទៀត។

លោកសាស្រ្តាចារ្យ គង់ សន្យា បានថ្លែងក្នុងពិធីបើកទិវាវេជ្ជសាស្ដ្រ-សល្យសាស្ដ្រ និងវិទ្យាសាស្ត្រថែទាំលើកទី ២៦ ដែលរៀបចំឡើងដោយគណៈកម្មការទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្ត មន្ទីរពេទ្យប្រចាំឆ្នាំ២០២៤ ថាទិវានេះគឺមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធតាមបណ្តាមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរសុខាភិបាលតាមបណ្តាខេត្ត ដែលមានសមាសភាពចូលរួមជា សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស ឆ្មប គិលានុបដ្ឋាក-យិកា និងអ្នកបច្ចេកទេសពាក់ព័ន្ធ។

លោកសាស្រ្ដាចារ្យបន្ដថា «ខ្ញុំពិតជាមានការគាំទ្រយ៉ាងពេញទំហឹងចំពោះគណៈកម្មការ ដែលបានរៀបចំទិវានេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការធ្វើនវានុវត្តន៍បច្ចេកទេសសេវាព្យាបាល និងថែទាំរបស់មន្ទីរពេទ្យឈានទៅលំដាប់ខ្ពស់ជាបន្តបន្ទាប់។ ជាពិសេសលើប្រធានបទសម្រាប់ឆ្នាំ២០២៤នេះ ពិតជាបង្ហាញឱ្យឃើញពីសារៈសំខាន់របស់គំហើញបច្ចេកទេសវេជ្ជសាស្ត្រតាមឯកទេសថ្មីៗ និងសេវាអមគ្លីនិក បូកផ្សំនឹងកិច្ចសហការល្អរវាងអ្នកជំនាញច្រើនបញ្ចូលគ្នា ដើម្បីបង្កើតជាសេវាព្យាបាល ឆ្លើយតបនឹងការវិវត្តន៍នៃតម្រូវការសេវាថែទាំសុខភាពរបស់ពលរដ្ឋនាពេលបច្ចុប្បន្ន។ ការធ្វើទំនើបកម្មទៅលើសម្ភារៈ ឧបករណ៍ បរិក្ខារវេជ្ជសាស្ត្រ ត្រូវដើរទន្ទឹមគ្នានឹងការអភិវឌ្ឍន៍មូលធនមនុស្ស ដែលទាមទារការបណ្តុះបណ្តាលជំនាញបន្ថែម ទាំងជំនាញទន់ និងជំនាញរឹង»

តាមរយៈការធ្វើនវានុវត្តន៍របស់អ្នកជំនាញគ្រប់ឯកទេស និងផ្នែកថែទាំរួមមានឆ្មប គិលានុបដ្ឋាក-យិកា ព្រមទាំងអ្នកបច្ចេកទេសនានា បានធ្វើឱ្យបច្ចេកទេសវេជ្ជសាស្ត្រមានការអភវិឌ្ឍន៍ កាន់តែប្រសើរឡើងជាលំដាប់ ជាពិសេសជួយលើកកម្ពស់សេវាសុខាភិបាលកាន់តែមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងការចំណាយសមស្រប។ លទ្ធផលដែលសម្រេចបានចេញពីផ្លែផ្ការបស់វិស័យសុខាភិបាល នឹងផ្តល់គុណប្រយោជន៍យ៉ាងច្រើនដល់ពលរដ្ឋ ដែលជាអ្នកទទួលសេវា ស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ ស្តីពីការផ្តល់សេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។

លោកសាស្រ្ដចារ្យក៏បានអំពាវនាវថា «សូមគ្រូពេទ្យទាំងឡាយត្រូវផ្ដល់សេវាពិនិត្យព្យាបាលជូនអ្នកជំងឺ ឱ្យដល់ឬសគល់ ព្រោះថាបច្ចុប្បន្ននេះអ្នកជំងឺដែលមកព្យាបាល ភាគច្រើនមិនមែនមានជំងឺតែមួយមុខនោះទេ អាចមានជំងឺបន្ទាប់បន្សំផ្សេងទៀត ធ្វើឱ្យអ្នកជំងឺមិនដឹងខ្លួន និងមកទទួលសេវាមិនទាន់ពេល ឈានទៅគ្រោះថ្នាក់ដោយសារតែជំងឺបន្ទាប់នោះ។ ដូច្នេះក្រុមគ្រូពេទ្យទាំងអស់ ត្រូវយកចិត្ដទុកដាក់ក្នុងការធ្វើរោគវិនិច្ឆ័យ ទៅលើជំងឺទាំងរបស់អ្នកជំងឺម្នាក់ៗ ដើម្បីកុំឱ្យគាត់ធ្លាក់ទៅក្នុងស្ថានភាពហួសពេល ទោះជាទទួលបានការជួយសង្គ្រោះពីក្រុមពីជំនាញក៏ដោយ»

លើសពីនោះ លោកសាស្ដ្រាចារ្យ ជំរុញដល់គ្រូពេទ្យទាំងអស់ ត្រូវសហការពហុឯកទេស ដើម្បីធ្វើយ៉ាងម៉េចឱ្យការព្យាបាលកាន់តែប្រសិទ្ធិភាព ព្រោះការសហការគ្នា គឺជួយកាត់បន្ថយភាពធ្ងន់ធ្ងររបស់អ្នកជំងឺ និងចម្រាញ់បាននូវវិធីសាស្ដ្រផ្សេងៗ ដែលនឹកស្មានមិនដល់ ហើយអាចទទួលយកបាន ទាំងក្រុមគ្រូពេទ្យនិងអ្នកជំងឺ។

ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យក៏បានថ្លែងអរគុណដល់ថ្នាក់ដឹកនាំតាមមន្ទីរពេទ្យ និងអង្គភាពនានា ដែលបានអញ្ជើញចូលរួម ក្នុងទិវាវេជ្ជសាស្ដ្រ-សល្យសាស្ដ្រ និងវិទ្យាសាស្ត្រថែទាំលើកទី២៦ របស់មន្ទីរពេទ្យកាល់ម៉ែត ជាសក្ខីភាពបញ្ជាក់ឱ្យឃើញនូវសាមគ្គីភាពយ៉ាងស្អិតរមួតរវាងបណ្ដាអ្នកឯកទេសតាមជំនាញ ក៏ដូចជាអ្នកថែទាំ តាមរយៈការបង្ហាញនូវប្រធានបទជាច្រើន ការជជែកពិភាក្សាគ្នា និងការដកស្រង់យកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើដំណើរជឿនលឿន ទាន់បច្ចុប្បន្នភាព នៃបច្ចេកទេសវេជ្ជសាស្ដ្រ-សល្យសាស្រ្ត និងការងារថែទាំ ជំរុញឱ្យមានការធ្វើទំនើបកម្មកាន់តែល្អប្រសើរ។

ពិសេសតាមរយៈទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី២៦ នឹងបង្កើនចំណេះដឹង ការយល់ដឹងពីសារៈសំខាន់នានា លើបច្ចេកទេសថែទាំ និងព្យាបាលលើវិស័យវេជ្ជសាស្ដ្រតាមយុគសម័យទំនើប ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបន្តកំណត់យកមនុស្សជាអាទិភាព និងបន្តជំរុញការកសាងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»៕