(តាកែវ)៖ លោក វី សំណាង ដែលទើបត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តតាកែវ បានដាក់ចេញការណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរពាណិជ្ជកម្មត្រូវធ្វើការពិភាក្សាជាមួយក្រុមហ៊ុនមួយចំនួន ដោយនាំគ្នាងាកមកដាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មណា ដែលមិនប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋ និងឲ្យក្មេងជំនាន់ក្រោយកគម្រូតាម។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ជាលើកដំបូង នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ លោក វ៉ី សំណាង បានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវជជែកជាមួយក្រុមហ៊ុនទាំងអស់ ដែលមានដាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនៅលើដីសាធារណៈរបស់រដ្ឋ ត្រូវងាកមកផ្សាយពាណិជ្ជកម្មទឹកបរិសុទ្ធ ឬផ្ទាំងខ្លឹមសារអប់រំជំនួសវិញ។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងត្រូវហាមដាច់ខាតចំពោះការផ្សាយពាណិជកម្មដែលពាក់ព័ន្ធទៅនិងគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសង ដែលបញ្ហាទាំង៣ខាងលើ មិនមាននៅក្នុងគំនិតរបស់គណៈអភិបាលខេត្តទេ»