(រតនគិរី)៖ កងរាជអាវុធហត្ថខេត្តរតនគិរី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ច និងការធ្វើកំណែទម្រង់កងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅសកម្មភាពការងារ ឆមាសទី២ឆ្នាំ២០២៤។ កិច្ចប្រជុំ ប្រារព្ធធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី រសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបភាពលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជការកងរាជអាវុធហត្ថខេត្តរតនគិរី។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរង កងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀតផងដែរ។

បន្ទាប់ពីអង្គប្រជុំបានតាមដានស្តាប់របាយការណ៍ និងការលើកឡើងរបស់ជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុករួចមក លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជការកងរាជអាវុធហត្ថខេត្តរតនគិរី បានកោតសរសើរ ពីការអនុវត្តបទបញ្ជារបស់នាយ នាយរងកងរាជអាវុធហត្ថខេត្ត ដែលបានអនុវត្តបទបញ្ជាដែលមេបញ្ជាការដាក់ជូនបានយ៉ាងល្អប្រសើរ និងបានដាក់បទបញ្ជាទៅមន្ទីរជំនាញ និងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្រុក ដើម្បីអនុវត្តនៅឆមាសទី២ផងដែរ។

នៅក្នុងឱកាសនេះ លោកមេបញ្ជការ ក៏បានលើកឡើងនូវទស្សនៈវិស័យក្នុងការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាពេលបច្ចុប្បន្ន និងទៅអនាគត ធ្វើយ៉ាងណាឲ្យកងកម្លាំងកងរាជអាវុធហត្ថ មានភាពរឹងមាំទាំងបរិមាណ និងគុណភាព ដើម្បីរ៉ាប់រងភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលពលខេមរភូមិន្ទ ប្រគល់ជូន ពីព្រោះប្រតិបត្តិការរបស់កងរាជអាវុធហត្ថមានឧបនិស្ស័យ ជាអន្តរក្រសួងពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋ សង្គមស៊ីវិល កម្លាំងប្រដាប់អាវុធ ក្រសួង ស្ថាប័នរបស់រដ្ឋ និងប្រព័ន្ធតុលាការ។

ហេតុនេះទាមទារឲ្យកងរាជអាវុធហត្ថត្រូវមានសមត្ថភាពខ្ពស់មានចំណេះដឹងផ្នែកយោធា ច្បាប់ គោរពសិទ្ធិមនុស្ស និងបានយកចិត្តទុកដាក់ដល់ការងារ អប់រំ ហ្វឹកហ្វឺន លើកកម្ពស់សមត្ថភាពដល់បុគ្គលិកនៃកងអាវុធហត្ថ តាមបណ្តាស្ថាប័ន អង្គភាព និងសាលា។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿនបន្តថា ផ្តើមពីសារៈសំខាន់ដូចខាងលើនាយឧត្តមសេនីយ៍ សៅ សុខា តែងដាក់ចេញនូវគោលគំនិតប្រកបដោយគតិបណ្ឌិតក្នុងការដឹកនាំ ដោយបានផ្តើមចេញនូវការធ្វើកំណែទម្រង់ កងរាជអាវុធហត្ថជាបន្តបន្ទាប់ សំដៅពង្រឹងប្រសិទ្ធិភាព ការងារ ហើយកំណែទម្រង់នេះបានចាប់ផ្តើមពី កងរាជអាវុធហត្ថលើផ្ទៃប្រទេស រហូតដល់កងរាជ អាវុធហត្ថ រាជធានី ខេត្ត ខណ្ឌ ក្រុង ស្រុក ក្នុងនោះរួមមាន៖ ការកែសម្រួលរចនាសម្ព័នចាត់តាំង និងក្របខណ្ឌចាត់តាំងផងដែរ ដើម្បីឲ្យមានលក្ខណៈសមស្របតាមបរិបទនៃសភាពការណ៍ជាក់ស្តែង និងបរិយាកាសនៃសង្គមកម្ពុជា៕