តុលាការក្រុងភ្នំពេញ នឹងបើកសវនាការលើសំណុំរឿង លោក នី ចរិយា នៅថ្ងៃ២២កញ្ញា ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍លើមន្រ្តីតុលាការ (Video inside)
20-09-2016 08:33
(ភ្នំពេញ)៖ បន្ទាប់ពីផ្អាកដំណើរការអស់រយៈពេល២ខែ សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបើកសវនាការជំនុំជម្រះលើសំណុំរឿង លោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប ដែលជាអតីតមន្រ្តីសមាគមអាដហុក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ លើមន្រ្តីតុលាការខេត្តសៀមរាប។ នេះបើតាមការឱ្យដឹងពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលកាន់សំណុំរឿងនេះ។
លោក នី ចរិយា ត្រូវបានប្តឹងដោយ លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និង លោក គី ឬទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីដែលបានធ្វើអត្ថាធិប្បាយចោទប្រកានមន្រ្តីតុលាការខេត្តសៀមរាបទាំង២នេះថា មិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវក្នុងការចោទប្រកាន់ និងចាប់ខ្លួនអ្នកភូមិពីរនាក់ ដាក់ពន្ធនាគារចំពោះការតវ៉ាប្រឆាំងក្រុមហ៊ុនកសិពាណិជ្ជកម្ម (Community Takhmao Development Agriculture & Industrial ) ដែលអ្នកភូមិចោទថា បានព្យាយាមរឹបអូសយកដីស្រែ របស់ពួកគាត់ដោយខុសច្បាប់។
កាលពីខែកក្កដា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្អាកក្នុងការជំនុំជម្រះលើសំណុំរឿង លោក នី ចរិយា បន្ទាប់ពីជនជាប់ចោទ នី ចរិយា បានប្តឹងដើម្បីផ្លាសប្តូរចៅក្រម ជំនុំជម្រះ។ លោក នី ចរិយា ដែលកំពុងជាប់នៅក្នុងការឃុំឃាំងក្នុងពន្ធនាគារ PJ ក៏កំពុងជាប់ចោទនៅក្នុងសំណុំរឿងមួយផ្សេងទៀតផងដែរ នោះគឺបទសមគំនិតសូកប៉ានសាក្សី មិនឱ្យនិយាយការពិតប្រាប់សមត្ថកិច្ច៕