(ភ្នំពេញ)៖ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤(ភ្នំពេញ-ព្រះសីហនុ)សម្រេចបានលទ្ធផល (Physical Progress)ចំនួន ៥៤,៨០% គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤ គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ។

លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នាល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះទៀតថាគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ អនុវត្តគម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក (WB) ចំនួន ១១០លានដុល្លារអាមេរិក ដោយគ្រោងនឹងអនុវត្តចំនួន០៨ឆ្នាំ(២០១៨-២០២៦) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ហិរញ្ញប្បទាននេះមានគោលបំណងសម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ០៤ ប្រវែង ១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ សាងសង់ស្ពានថ្មី។ជាមួយគ្នានេះ គម្រោងក៏នឹងធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្លូវថ្នល់ និងបណ្តុះបណ្តាបច្ចេកទេសដល់ស្ថាប័នរដ្ឋ។ កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែមនៃគម្រោងខាងលើ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ និងបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។

លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤បានឱ្យដឹងថា គម្រោងស្តារ និងថែទាំផ្លូវជាតិលេខ៤ សរុបប្រវែង ១៩៦,១០គីឡូម៉ែត្ររួមមាន៖

១៖ កំណាត់ទី១៖ គីឡូម៉ែត្រលេខ១៩+៧០០ ដល់គីឡូម៉ែត្រលេខ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លង មានប្រវែង ២៨,៨០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង ១១,៥០គីឡូម៉ែត្រ ប្រវែងសរុប ៤០,៣០គីឡូម៉ែត្រ។

២៖ កំណាត់ទី២៖ គីឡូម៉ែត្រលេខ៦០+០០០ ដល់គីឡូម៉ែត្រលេខ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង ២,៦៨គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង ៣៨,៣២គីឡូម៉ែត្រ ប្រវែងសរុប៤១,០០គីឡូម៉ែត្រ។

៣៖ កំណាត់ទី៣៖ គីឡូម៉ែត្រលេខ១០១+០០០ ដល់គីឡូម៉ែត្រលេខ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវ៤គន្លងមានប្រវែង ០,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤១,៧០គីឡូម៉ែត្រ ប្រវែងសរុប៤២,០០គីឡូម៉ែត្រ ។

៤៖ កំណាត់ទី៤៖ គីឡូម៉ែត្រលេខ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ១៨៦+០០០ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង០,៩៣គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤២,០៧គីឡូម៉ែត្រ ប្រវែងសរុប៤៣,០០គីឡូម៉ែត្រ ។ កំណាត់ទី៤ នេះបានត្រូវពន្យារពេលដោយក្រុមហ៊ុនម៉ៅការមិនបានស្ថាបនាទៅតាមពេលវេលាគ្រោងទុក ហេតុនេះក្រសួងបានលុបកិច្ចសន្យារ ហើយបានរឹបអូសយកប្រាក់កក់ចំនួនប្រមាណ ៨០០.០០០០(ប្រាំបីរយពាន់)ដុល្លាអាមេរិក។ ក្រសួងនឹងធ្វើលទ្ធកម្មកំណាត់ទី៤នេះជាថ្មីនៅខែសីហាខាងមុខនេះ។

៥៖ កំណាត់ទី៥៖ គីឡូម៉ែត្រលេខ១៨៦+០០០ ដល់គីឡូម៉ែត្រលេខ២១៥+៨០០ ក្នុងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង៧,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង២២,៥០គីឡូម៉ែត្រ ប្រវែងសរុប២៩,៨០គីឡូម៉ែត្រ ។

៦៖ កញ្ចប់ទី៦៖ គីឡូម៉ែត្រលេខ៤៨+៦៩៥ ដល់គីឡូម៉ែត្រលេខ២០២+៦៨៨ ជួសជុលស្ពានចាស់ចំនួន២៤ លូប្រអប់ចំនួន៨ លូមូលចំនួន៩ និងផ្លាស់ប្តូរគ្រឿងបង្គុំស្ពានចាស់ចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ កោះកុង ខេត្តព្រះសីហនុ។

៧៖ កញ្ចប់ទី៧៖ គីឡូម៉ែត្រលេខ៣៨+០៧៦ ដល់គីឡូម៉ែត្រលេខ២០៤+៩៧៣ សាងសង់ស្ពានថ្មីចំនួន៨ ក្នុងខេត្ត កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕