(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឃាត់ស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត នៅក្នុងទំហំទឹកប្រាក់ ប្រមាណ២០ម៉ឺនដុល្លារ។

ការឃាត់ខ្លួនស្ត្រីសង្ស័យ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបជូនថា ជនសង្ស័យត្រូវបានដើមបណ្ដឹងដែលមានឈ្មោះ អ៊ឹង ជុងហុង ភេទប្រុស អាយុ៣៨ឆ្នាំ បានដាក់ពាក្យប្ដឹងចូលទៅកាន់នគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ពីបទ រំលោភលើទំនុកចិត្ត លើទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនទុកនៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕