(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញប្រកាសបើកការដ្ឋានកសាងស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋចំនួន២គម្រោង សំដៅដល់ការជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង៤០២ម៉ែត្រ ទទឹង៥.១៥ម៉ែត្រ និងកម្រាស់០.១៥ម៉ែត្រ ហើយជីកដាំដាក់បង្គោលបំពាក់អំពូលភ្លើងសូឡាចំនួន២៩៨ដើម ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៤ និងជាសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីបំភ្លឺតាមបណ្ដោយផ្លូវ ធានាទាំងសន្តិសុខ និងសុវត្ថិភាពដល់ការធ្វើដំណើរចេញ-ចូល សម្រាប់បម្រើតម្រូវការប្រើប្រាស់ចាំបាច់របស់ប្រជាពលរដ្ឋ។

ពិធីប្រកាសបើកការដ្ឋានកសាងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធចំនួន២គម្រោង ជាគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៤ នេះត្រូវបានធ្វើឡើងនៅភូមិស្វាយប៉ាក ភូមិលូ និងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងនោះក៏មានការចូលរួមពីលោក សយ កុសល សមាជិកក្រុមប្រឹក្សាខណ្ឌ, លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌ, នាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ, អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ, លោក-លោកស្រីចៅសង្កាត់-ចៅសង្កាត់រង, ក្រុមប្រឹក្សាសង្កាត់, ស្មៀន, មេភូមិ, និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋសរុបចំនួន១២០នាក់។

ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានលើកឡើងថា ការខិតខំប្រឹងប្រែងប្រើអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មាតី របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅដល់ការធ្វើយ៉ាងណាយកចិត្តទុកដាក់កសាងស្ថាបនារាល់ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ-ស្ពាន-លូ) គ្រប់ទីកន្លែងនូវទូទាំងប្រទេស និងចាត់ទុកជាបញ្ហាអទិភាព គឺក្នុងគោលបំណង ដើម្បីឆ្លើយតបឲ្យទាន់សភាពការ និងតាមតម្រូវការចាំបាច់ ក្នុងការប្រើប្រាស់ ក៏ដូចជាការជួយលើកកម្ពស់មួយកម្រិតទៀត នូវសោភ័ណ្ឌភាពកាន់តែល្អប្រសើរ ប្រកបដោយផាសុខភាព និងសុវត្ដិភាពជូនប្រជាពលរដ្ឋ។

លោក ជិន ប៊ុនធឿន ក៏បានសុំការយោគយល់ និងអធ្យាស្រ័យផងដែរ សម្រាប់សមិទ្ធផលថ្មីបន្ថែមលើសមិទ្ធផលចាស់នេះ ព្រោះនៅពេលកសាងស្ថាបនា តែងតែមានការប៉ះពាល់តិច ឬច្រើនដល់ប្រជាពលរដ្ឋ ពិសេសក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការជួសជុលនាពេលនេះ ត្រូវយកចិត្តទុកដាក់ធ្វើឲ្យបានហ្មត់ចត់តាមស្តង់បច្ចេកទេស និងធានាបានទាំងគុណភាព។

លោកអភិបាលខណ្ឌឫស្សីកែវ បានសំណូមពរបន្ថែមទៀតដល់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឲ្យយកចិត្តទុកដាក់ជួយថែទាំទាំងសមិទ្ធផលថ្មី និងសមិទ្ធផលចាស់ ដើម្បីប្រើប្រាស់បានយូរអង្វែង ក្រោយពីការស្ថាបនាកសាងរួចរាល់ជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕