(ភ្នំពេញ)៖ ផតថលចុះបញ្ជីរួម តាមថ្នាលគាំពារសង្គមឌីជីថល ដំណាក់កាលទី១ ត្រូវបានក្រុមប្រឹក្សាជាតិគាំពារសង្គម បានដាក់ឲ្យដំណើរការជាផ្លូវការ ដើម្បីសម្រួល និងសម្រាលបន្ទុករបស់មន្ត្រីឃុំ/សង្កាត់ និងប្រតិបត្តិករគាំពារសង្គម ក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមនានា ដោយមិនតម្រូវឱ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីច្រើនផ្សេងៗគ្នានោះទេ។

ផតថលនេះ នឹងតភ្ជាប់ប្រព័ន្ធចុះបញ្ជីដែលមានស្រាប់ ជាមួយនឹងមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គមថ្នាក់ជាតិ ដែលបង្កើនការធ្វើអន្តរប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ីរួម និងជួយដល់យន្តការអភិបាលកិច្ចល្អ ដោយកាត់បន្ថយនូវរាល់ទិន្នន័យចុះបញ្ជី និងការបើកផ្តល់កញ្ចប់អត្ថប្រយោជន៍ស្ទួន ស្របពេលដែលវិសាលភាពគ្របដណ្ដបដោយប្រព័ន្ធគាំពារសង្គមត្រូវបានពង្រីកទៅកាន់ពលរដ្ឋគោលដៅផ្សេងៗទៀត។

ដើម្បីគាំទ្រដល់ការឲ្យអនុវត្តជាផ្លូវការនេះ, កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមបានបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តគម្រោងធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម នៅខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីឃុំ/សង្កាត់ដែលអ្នកអនុវត្តផ្ទាល់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមផងដែរពីតំណាងក្រសួងផែនការ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

វគ្គបណ្តុះបណ្តាលនេះ បានផ្តោតសំខាន់លើការប្រើប្រាស់ផតថលចុះបញ្ជីរួម តាមថ្នាលគាំពារសង្គមឌីជីថល ដោយប្រើប្រាស់កុំព្យូទ័រយួរដៃ, កាមេរ៉ាថតផ្ទៃមុខ, និងឧបករណ៍ចាប់យកស្នាមម្រាមដៃ។ គម្រោងធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គមនេះ ជារបត់មួយដ៏មានសារៈសំខាន់ក្នុងការធ្វើឌីជីថលូបនីយកម្ម (Digitalization) ដើម្បីឈានទៅកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន និងតម្លាភាព។

ថ្លែងទៅកាន់សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលនោះ, លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានក្រុមការងារបច្ចេកទេសម្រាប់ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម បានថ្លែងថា ការរៀបចំ និងគិតគូរក្នុងការដាក់ឱ្យអនុវត្តផតថលចុះបញ្ជីរួម តាមថ្នាលគាំពារសង្គមឌីជីថល នឹងពង្រឹងយន្តការនៃការចុះបញ្ជី និងកំណត់អត្តសញ្ញាណក្រុមគោលដៅជាប្រព័ន្ធអេកូឡូស៊ីរួម តាមរយៈលេខសម្គាល់គាំពារសង្គម ចំនួន ១០ខ្ទង់ (SPID) ដោយអនុលោមតាមស្មារតីនៃអនុក្រឹត្យ ស្តីពីការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម និងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរយៈការអនុវត្តផតថលចុះបញ្ជីរួមនេះ, ពលរដ្ឋគោលដៅ និងអ្នកទទួលផលពីប្រព័ន្ធគាំពារសង្គម នឹងមិនតម្រូវឱ្យចុះបញ្ជីច្រើនដង ដើម្បីទទួលបាននូវអត្ថប្រយោជន៍គាំពារសង្គមទៀតទេ ថែមទាំងកាន់តែមានភាពងាយស្រួល និងឆាប់រហ័សនៅពេលមកទទួលសេវាគាំពារសង្គមនានា ដោយគ្រាន់តែវាយបញ្ចូលនូវលេខសម្គាល់គាំពារសង្គម ឬលេខសម្គាល់ណាមួយ ដែលចេញដោយប្រតិបត្តិករគាំពារសង្គម នោះព័ត៌មានដែលធ្លាប់ចុះបញ្ជីពីមុន នឹងបង្ហាញដោយស្វ័យប្រវត្តិ ដែលតម្រូវឲ្យអ្នកទទួលផល គ្រាន់តែផ្ទៀងផ្ទាត់អត្តសញ្ញាណចុះបញ្ជីម្តងទៀត តាមរយៈស្នាមម្រាមដៃ ឬរូបភាពផ្ទៃមុខជាការស្រេច៕

* តំណរទាញយកផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម
https://bit.ly/digitransp

* តំណរទាញយកអនុក្រឹត្យ ស្តីពីការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម
https://bit.ly/3XKpBl8