(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមន្តរាយកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសព ឧត្តមសេនីយ៍ទោ គង់ សុខភ័ណ្ឌ នាយការិយាល័យសុខាភិបាល បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន (គណៈយុទ្ធមិត្តបម្រើកងកងទ័ពជំនាន់ឆ្នាំ១៩៧៨) ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នំារោង ឆស័ក ព.ស.២៤៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២១៖៣០នាទីយប់ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយជរាពាធ។

ពិធីបុណ្យនេះប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅក្នុងបុរីពិភពថ្មីចំការដូង ផ្ទះលេខ៦៨អា ផ្លូវលេខ១ ភូមិសំបូរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាធានីភ្នំពេញ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកវេជ្ជ. អ៊ុយ សំអាត បាននាំប្រសាសន៍ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសារសពចំពោះមរណភាព ឧត្តមសេនីយ៍ទោ គង់ សុខភ័ណ្ឌ ជាការបាត់បង់ភរិយា ម្តាយ ម្តាយក្មេក ជីដូន ជាទីគោរពស្រឡាញ់ស្មើជីវិត ប្រកបដោយព្រហ្មវិហារធម៌ ដែលបានតស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សាកូន ចៅ ឱ្យមានអនាគតរុងរឿង។

មរណភាពនេះ គឺជាការបាត់បង់នូវ ឥស្សរជនតស៊ូមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ស្មារតី រួមចំណែកក្នុងបុព្វហេតុបម្រើជាតិ និងការអភិវឌ្ឍកសាងប្រទេស ដើម្បីបម្រើ ឧត្តមប្រយោជន៍ជាតិសាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសនោះថ្នាក់ដឹកនាំ មន្ត្រី យុវជននិងអ្នកស្ម័គ្រ កាកបាទក្រហមកម្ពុជា បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ទោ គង់ សុខភ័ណ្ឌ សូមបានចាប់កំណើតកើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕