(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ប្រជាកសិករខេត្តបាត់ដំបងជាច្រើននាក់ បាននាំគ្នាផ្ទុះការតវ៉ាជុំវិញការ ធ្លាក់ថ្លៃតម្លៃស្រូវក្រអូប ដែលពួកគាត់ទើបប្រមូលផល រហូតនាំគ្នាបើគោយន្តដឹកស្រូវប្រមូលផ្តុំបិទផ្លូវជាតិលេខ៥ និង ចាក់ស្រូវដែលខំដាំដុះ ដោយលំបាកចោលទៅលើថ្នល់ថែមទៀតផង។
ប្រជាកសិករខ្មែរ ត្រូវបានគេមើលឃើញជាជាតិសាសន៍មានចរិតស្លូតត្រង់ ចេះសន្សំសំចៃ និងស្តាយស្រណោះខ្ពស់ចំពោះទ្រព្យសម្បត្តិ ដែល ខ្លួនរកមកបានដោយកម្លាំងញើសឈាមទាំងលំបាក ពោលទ្រព្យសម្បត្តិរកបានមកដោយលំបាកនេះ ត្រូវចាយវាយទៅវិញយ៉ាងប្រិតប្រៀង ជាទីបំផុត។
ចុះហេតុអ្វីស្រូវជាផលរកបានមកដោយចំណាយកម្លាំងញើសឈាមយ៉ាងលំបាក ជាពិសេសស្រូវដែលកសិករខ្មែរចាត់ទុកជាព្រះម៉ែ ផ្តល់ជីវិត ក្នុងលោក បែរជាប្រជាកសិករស្លូតត្រង់ដាច់ចិត្តយកទៅចាក់ចោលទាំងមិនស្តាយស្រណោះទៅវិញ?
ដើម្បីដោះស្រាយនូវចម្ងល់ទាំងអស់នេះ លោកទេសរដ្ឋមន្រ្តី សេរី កុសល មន្រ្តីជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជា និង ធ្លាប់ជាដៃគូប្រ ឆាំងរាជរដ្ឋាភិបាលកាលស្ថិតនៅជាមន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចដែរនោះ បានចេញមកធ្វើការវែកញ៉ែកនូវហេតុផលមួយចំនួនជុំវិញ បាតុភាពនេះ។
សូមរំលឹកថា លោកទេសរដ្ឋមន្រ្តី សេរី កុសល កាលពីនៅជាសមាជិកជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ត្រូវគេដឹងថា ជាមេកើយរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិនាពេលបច្ចុប្បន្ន ហើយលោកត្រូវ បានគេចាត់ទុកជាមន្រ្តីមានឥទ្ធិពលខ្លាំងនៅក្នុងបក្ស លោកជាអ្នក ប្រើយុទ្ធសាស្រ្តទាំងលើកងទ័ពក្នុងសមរភូមិសង្គ្រាម និង ជាអ្នកប្រើយុទ្ធវិធីលើសមរភូមិនយោបាយ និងសមរភូមិសតិអារម្មណ៍ ដែលជាទុន ឲ្យលោកបានដឹងច្បាស់ពីពុតត្បុត និងល្បិចកិច្ចកលរបស់អ្នកនយោបាយក្នុងសមរភូមិដណ្តើមប្រជាប្រិយភាពពីប្រជាពលរដ្ឋ។
លោក សេរី កុសល បានមើលឃើញថា សម្រែកតវ៉ារបស់ប្រជាកសិករលើដងផ្លូវជាតិលេខ៥ នាពេលកន្លងទៅត្បិតជារឿងផ្តើមចេញពីកង្វល់ ក្នុងចិត្តតែមិនទាន់ដល់កម្រិតបិទផ្លូវចាក់ស្រូវចោលនោះឡើយ ប្រសិនបើគ្មានចលករក្រៅសង្វៀនជំរុញពីក្រោយទេនោះ។ លោក សេរី កុសល បានលើកបង្ហាញនូវទឡ្ហីករណ៍មួយចំនួន ដែលនាំឲ្យលោកហ៊ានសន្និដ្ឋាន និងវាយតម្លៃថា រឿងនេះមានអ្នកអុជអាលប្រជាពលរដ្ឋ នៅពីក្រោយ។ អ្នកនៅពីក្រោយនោះ គឺលោកសំដៅទៅដល់គណបក្សសង្រ្គោះជាតិតែម្តង។
+ ទឡ្ហីករណ៍ទាំងនោះរួមមាន៖
- តម្លៃស្រូវ ត្រូវបានមើលឃើញថា ឡើងចុះមិនទៀងទាត់ ដោយសារតែការប្រកួតប្រជែងទីផ្សារនាំចេញអង្កររបស់ប្រទេសក្នុងតំបន់ទន្លេមេគ ង្គទាំង៥ តែគេមិនដែលបានឃើញបាតុភាពតវ៉ាចាក់ស្រូវបិទផ្លូវពីប្រជាកសិករកើតឡើងនោះឡើយ។ មួយវិញទៀតស្រូវរដូវនេះមិនមែនជារដូវ ដែលកសិករខ្មែរប្រមូលផលស្រូវ ដែលនាំឲ្យស្រូវជន់ជោរខ្លាំងនោះឡើយ។ ស្រូវប្រមូលពេលនេះ ជាស្រូវប្រមូលមុនរដូវ ជាប្រភេទស្រូវក្រអូប ដែលប្រជាកសិករធ្វើបានដោយកន្លែង ដោយតំបន់មិនមែនទូទាំងប្រទេសនោះឡើយ ដូច្នេះផលស្រូវក៏មិនគួរជន់ជោរខ្លាំងនោះឡើយ។
- ស្របពេលលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានធ្វើយុទ្ធនាការវាយប្រហារសម្តេចតេជោ ហ៊ុន សែន តាមបណ្តាញសង្គម Facebook ពីបញ្ហាធ្លាក់ថ្លៃកសិផលកសិកម្ម ខណៈដែលមេបក្សប្រឆាំងជើងវែងរូបនេះ មិនដែលនិយាយពីយុទ្ធសាស្រ្តដោះស្រាយបញ្ហា នោះឡើយ ក្រៅតែពីការនិយាយបន្ទច់បង្អាក់ ដើម្បីចំណេញនយោបាយ។
- នៅមុនថ្ងៃផ្ទុះបាតុភាពនេះឡើង ពោលនៅអំឡុងថ្ងៃទី១៦-១៧ ខែកញ្ញា គេឃើញមានសកម្មជន និងមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ប្រចាំខេត្តបាត់ដំបង បានចុះទៅដល់វាលស្រែកន្លែងប្រជាពលរដ្ឋប្រមូលផល ដោយគេបានឈ្លៀតប្រើវោហាស័ព្ទសណ្តំចិត្តប្រជាកសិករ និង វាយប្រហាររាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ថា អសមត្ថភាពក្នុងការរកទីផ្សារជូនកសិករ។ (នេះចំណុចផ្តើមបង្កើតចំហេះដើម្បី ងាយស្រួលដុតបញ្ឆេះការតវ៉ា)។
- មុនការផ្ទុះតវ៉ានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសដាក់ចេញយន្តការបន្ទាន់ដោយទម្លាក់ថវិកាសរុប ២៧ លានដុល្លារបូកទាំងថវិការបស់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីដើរទិញស្រូវរបស់ប្រជាពលរដ្ឋក្នុងតម្លៃមួយសមរម្យអាចទទួលយកបាន។ ដំណឹងនេះ គ្រប់បណ្តាញផ្សព្វផ្សាយត្រូវបានផ្សាយចេញទៅ ដែលវាមិនអាចចន្លោះត្រចៀករបស់ប្រជាកសិករនោះឡើយ ដែលប្រជាកសិករ គាត់គួររង់ចាំនូវយន្តការ នៃដំណោះស្រាយនេះ។
លោក សេរី កុសល បានចោទជាសំណួរថា ចុះហេតុអ្វីបានជាប្រជាកសិករក្នុងខេត្តបាត់ដំបងនាំគ្នាចេញតវ៉ា តែពីរថ្ងៃបន្ទាប់ពីការប្រកាស ដាក់ចេញនូវវិធានការរបស់នាយករដ្ឋមន្រ្តី ឬ នេះជាចេតនាក្នុងការផ្ចាញ់ផ្ចាល់ និង បំបាក់ប្រជាប្រិយភាពរបស់ប្រមុខរាជរដ្ឋាភិបាលពីក្រុមឱ កាសនិយម?
តើនេះជាសកម្មភាពទុក្ខព្រួយពិតប្រាកដរបស់កសិករ ឬមួយជាការប្រើប្រាស់កសិករជាឈ្នាន់សម្រាប់បម្រើសេណារីយ៉ូនយោបាយរបស់បក្ស នយោបាយអគតិជ្រុលនិយមខ្លះ ដើម្បីវាយប្រហារសម្តេចតេជោ ដោយមានបរទេសបង្គាប់បញ្ជាពីក្រោយខ្នងជ្រកក្រោមផ្លាកទុក្ខព្រួយពីស្រូវ ចុះថោក?
លោក សេរី កុសល បានពន្យល់បន្ថែមថា «ការពិតមួយដែលខ្មែរគ្រប់រូបត្រូវមើលឃើញឲ្យច្បាស់នោះ គឺការរៀបចំសាច់រឿងដ៏ស៊ីសង្វាក់ ដោយបរទេសចាប់ផ្តើមតាំងពីឃាតកម្មលើលោកកែម ឡី រហូតដល់ពេលនេះ។ រាប់តាំងពីលិខិតនាំមុខដោយស្ថានទូតបរទេស១ ដែលមាន អ្នកហែរហមកំដររោងមួយចំនួនហៃអើផងនោះមួលបង្កាច់សភាពការណ៍សិទ្ធសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងពួកគេគិតថា « នៅកម្ពុជាឲ្យតែនៅបក្សប្រឆំាំងគឺអាចធ្វើអ្វីស្រេចចិត្ត រួចផុតពីច្បាប់ជានិច្ច»។ ឥឡូវនេះចូលមកដល់រឿងតុម្លៃស្រូវ ដែលខ្ញុំផ្ទាល់បានឮនឹង ត្រចៀកនូវចំណាត់ការជាច្រើន ដែលសម្តេចតេជោដាក់ចុះ និងបានទាយទុកជាមុនស្រេចថា នឹងមានអ្វីត្រូវកើតឡើងនាពេលខាងមុខ»។
សម្តេចតេជោចាត់ទុកការទាមទាររបស់កសិករ គឺពិតជាត្រឹមត្រូវណាស់ ពួកគេដូចជាកុមារ ដែលដឹងតែពីទារស៊ីពេលគេឃ្លាន ប៉ុន្តែគេពិតជា មិនបានដឹងថា ម្តាយឪពុកត្រូវប្រឹងធ្វើការ ខ្ចីបុលគេ ស៊ីឈ្នួលគេ ឫ ធ្វើអ្វីគ្រប់យ៉ាង ដើម្បីចិញ្ចឹមកូន ឲ្យកូនបានស៊ីឆ្អែត។ ដូច្នេះតើការបិទផ្លូវ ជាតិ វាជាគំរូមួយរៀនសូត្រពីក្រុមណានៅស្រុកខ្មែរយើង?។ លោក សេរី កុសល បញ្ជាក់បន្ថែម។
លោកសេរី កុសល បានបន្តពន្យល់ដោយលើកជាសំណួរចោទសួរផងថា តើការចាក់ស្រូវចោលកណ្តាលផ្លូវ ពួកគេរៀនរបៀបនេះពីណា វា មានតែនៅបរទេស ខ្មែរយើងមិនដែលមានទេ ពីព្រោះយើងចាត់ទុកស្រូវជាព្រះម៉ែរបស់យើង ចិញ្ចឹមជីវិតយើង ជំនាន់ប៉ុល ពត (ខ្មែរក្រហម) សូម្បីអង្ករ ១គ្រាប់ បាយ១ គ្រាប់ជ្រុះដីក៏យើងរើសមកស៊ីដែរ បបររាវរកស៊ឹងមិនបាន ហេតុអ្វីពួកគេភ្លេចធាតុដើមភ្លេចអតីតកាលដ៏ជូរចត់ ឬ មួយអ្នកនៅពីក្រោយពួកគេមិនបានហែលកាត់ជំនាន់នោះ?
តើបងប្អូនជនរួមជាតិជឿទេថា គ្រួសាររខ្មែរណា១ ដែលខំបង្ហូរញើសខ្ចីបុលគេយកមកធ្វើស្រែ។ លុះបានផលយកស្រូវមកចាក់ចោល ទោះ ថោកថ្លៃក៏លក់បានលុយចាយឬសងគេដែរ។ វាពិតណាស់ថា គឺអ្នកសម្បូរណ៍លុយទិញយកមកចាក់ចោល ដើម្បីយកចំណេញនយោបាយ បំផុសការវាយប្រហារសម្តេចតេជោតែប៉ុណ្ណោះ។ តើសកម្មភាពរបៀបនេះនៅខេត្តផ្យេងទៀតអាចមានសំណាងបិទផ្លូវបានដូចនេះទេ ដែល បានទទួលការជេរប្រទេចពីអ្នកប្រើប្រាស់ផ្លូវសម្រាប់ជីវិតគេដែរនោះ។
ជាចុងក្រោយលោក សេរី កុសល បានអះអាងថា បាតុភាពក្នុងខេត្តបាត់ដំបងមិនអាចកើតមាននោះឡើយ ប្រសិនបើគ្មានកម្លាំងចលករចង់ ចំណែញនយោបាយលើបញ្ហាតម្លៃស្រូវ ជាអ្នកជំរុញទេនោះ។ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ ទទូចសូមឲ្យការទាមទារណាមួយ កុំបម្រើ ផលប្រយោជន៍លាក់មុខ នៃអ្អ្នកនយោបាយអគតិ ព្រោះវាគ្រោះថ្នាក់ណាស់ដល់ប្រទេសជាតិ «កុំលេង!»៕