(ភ្នំពេញ)៖ ក្រុមយុវជន១០០រាត្រី បានសម្តែងការឈឺចាប់ និងសោកស្តាយ ក្រោយពេលយុវជន១០រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ យុវជន១០០រាត្រី បានចាត់ទុកការទទួលរងទោសទណ្ឌរបស់យុវជនទាំង១០រូបនេះ ព្រោះតែចាញ់កលអុជអាលញុះញង់ និងអូសទាញរបស់លោក Gonzalez Davidson Alejandro ហៅ អេឡិច ជនជាតិអេស្បាញ និងវិទ្យុអាស៊ីសេរី ដែលបញ្ជាពួកគេឱ្យធ្វើរឿងខុសច្បាប់បម្រើមហិច្ឆតាពិសពុលរបស់ពួកគេ។

ក្រុមយុវជន១០០រាត្រីដែលបង្កើតដោយលោក កែម ឡី បានអះអាងថា យោងតាមការសិក្សាស្រាវជ្រាវរបស់ពួកគេរកឃើញថា ទិសដៅគោលបំណងរបស់ អេឡិច បានធ្វើរឿងជាច្រើនដើម្បីឱ្យកើតរឿងអវិជ្ជមានក្នុងសង្គម។ គ្រប់ចេតនារបស់ អេឡិច ទាំងអស់ គឺចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមរយៈសកម្មភាពយុវជន អង្គការក្រៅរដ្ឋាភិបាល ព្រមទាំង វិទ្យុអាស៊ីសេរី ដែលតែងតែញុះញង់ប្រជាពលរដ្ឋ លាបពណ៌រដ្ឋាភិបាល បង្កើតរូបភាពអវិជ្ជមានជាអាទិ៍។

យុវជន១០០រាត្រីអះអាងទៀតថា ក្រោយតុលាការសម្រេចចោទប្រកាន់យុវជនទាំង១០រូបតាមផ្លូវច្បាប់ អេឡិច វិទ្យអាសុីសេរី លោក សម រង្សុី បានសម្តែងការសប្បាយចិត្តលើជ័យជម្នះ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាត្រូវបាន ពិភពលោកស្អប់ខ្ពើម និងទទួលបានជំនួយក្រោមរូបជួយសង្គមជាតិ និងជួយយុវជនរងគ្រោះទាំង១០រូប៕