(ភ្នំពេញ)៖ ក្រោយមានការបញ្ជាពីលោក ថេង សុថុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា និងជាអភិបាលខណ្ឌ, លោក ណុប ផា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងអាជ្ញាធរខណ្ឌ-សង្កាត់ និងមន្ត្រីពាក់ព័ន្ធ ចុះបង្ក្រាបជាក់ស្ដែងភ្លាមៗ ករណីលួចបើកល្បែងស៊ីសងជល់មាន់តាមអនឡាញខុសច្បាប់១កន្លែង ដោយក្នុងប្រតិបត្តិការនេះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ៨នាក់ (ស្រីម្នាក់) និងដកហូតទាំងវត្ថុតាង ដែលបម្រើឲ្យសកម្មភាពប្រព្រឹត្តល្បែងស៊ីសងមួយចំនួនទៀត។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចផ្ទះលេខ៣១អឺអូសេដេ តាមបណ្ដាយផ្លូវលេខ១៣៤ ភូមិ៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

បើតាមលោក ថេង សុថុល បន្ទាប់ពីការបង្ក្រាបជាក់ស្ដែងករណីលបលួចបើកល្បែងស៊ីសងជល់មាន់តាមអនឡាញខុសច្បាប់១កន្លែងនេះដែរ និងសម្រាប់ជនសង្ស័យទាំង៨នាក់ (ស្រីម្នាក់) និងវត្ថុតាងពាក់ព័ន្ធដូចជា លេបថប១គឿង, តុចំនួន៣តុ, កុំព្យូទ័រ៦គ្រឿង, ទូរទស្សន៍២គ្រឿង, ម៉ាស៊ីនព្រីនធ័រ១គ្រឿង, កាំមេរ៉ាសុវត្ថិភាព១គ្រឿង និងកៅអីអង្គុយចំនួន៤ទៀត ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីបន្តនិតិវិធី។

លោកបានជំរុញមន្ដ្រី ត្រូវបន្ដយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត ក្នុងការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាក្មេងទំនើង និងការបង្ក្រាបគ្រឿងញៀន ដើម្បីរក្សាការពារឲ្យបានល្អ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសំដៅដល់ការចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕