(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម ក្នុងឱកាសដែលសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា នាំយកថវិកាបរិច្ចាគលើកទី៤ចំនួន ១ ៣៣០ ០៣៦ ៧៤៨រៀល ឬស្មើនឹងប្រមាណ ៣៣ ម៉ឺនដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ការបរិច្ចាគនេះ ក៏ជាផ្នែកមួយនៃការចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយ លោជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជាថ្មីម្តងទៀតចំពោះទឹកសប្បុរសធម៌ និងការចូលរួមជាប្រចាំពីសំណាក់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា វិស័យឯកជន ជាពិសេសបណ្ដាធុរជន និងវិនិយោគិនចិននៅកម្ពុជា ដែលតែងតែបង្ហាញពីស្មារតី និងទឹកចិត្តសប្បុរសដ៏ថ្លៃថ្លា ក្នុងការរួមចំណែកជាប្រចាំជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ការគាំពារ និងលើកកម្ពស់សុខុមាលភាពទារក និងកុមារនៅកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ លោកអ្នកឧកញ៉ាប្រធានសមាគម ដែលផ្ដួចផ្ដើមចលនាកៀរគរការបរិច្ចាគ ចាប់តាំងពីការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ “មូលនិធិគន្ធបុប្ផាកម្ពុជា” កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនប្រតិភូសមាគមថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ប្ដេជ្ញាគ្រប់គ្រងថវិកាបរិច្ចាគឱ្យមានតម្លាភាពបំផុត ដើម្បីធានាថា រាល់ថវិកាបរិច្ចាគទាំងអស់ នឹងបម្រើជាប្រយោជន៍របស់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះដែលទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀបរាប និងដោយមិនធ្វើឱ្យថវិកានេះបាត់បង់សូម្បីតែមួយរៀលឡើយ។

ជាការឆ្លើយតប, លោកអ្នកឧកញ៉ា ពុង ឃាវសែ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះកិច្ចខិតខំ ការគិតគូរ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាព និងសុខភាពកុមារនៅកម្ពុជា តាមរយៈ «មូលនិធិគន្ធបុប្ផាកម្ពុជា»។ ជាមួយគ្នានេះ, លោកឧកញ៉ា ក៏បានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលដែលតែងតែគាំទ្រវិស័យធុរកិច្ចរបស់វិនិយោគិនចិន ក៏ដូចជាសមាគមន៍ខ្មែរ-ចិន ដោយបានសន្យាថានឹងបន្តកៀរគរវិនិយោគិនពីបរទេស ជាពិសេសមកពីប្រទេសចិន ឱ្យមកប្រកបរបរធុរកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

លោកអ្នកឧកញ៉ាប្រធានសមាគម បានបន្ថែមថា នេះជាលើកទី៤ ហើយដែលសមាគមបានបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលសរុបជាថវិកាបរិច្ចាគសមមូលជាប្រាក់ដុល្លារអាមេរិកចំនួនប្រមាណ ១ ៥៥៤ ០០០ ដុល្លារអាមេរិក។

លោកអ្នកឧកញ៉ា បានសន្យាថានឹងបន្តខិតខំកៀរគរថវិកាបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ឆ្នាំក្រោយៗទៀត ដើម្បីរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេកកម្មផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះរាប់លានករណីក្នុងមួយឆ្នាំ ប្រកបដោយគុណភាព ឥតគិតថ្លៃ មិនមានការរើសអើង។

ជាថ្មីម្តងទៀត, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុននានាដែលជាសមាជិករបស់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បន្តខិតខំ និងពង្រីកការវិនិយោគឱ្យបានកាន់តែទូលំទូលាយ ដើម្បីការអភិវឌ្ឍទាំងក្រុមហ៊ុន និងទាំងការរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងមានជាសេនាធិការរបស់រាជរដ្ឋាភិបាលនឹងរង់ចាំស្វាគមន៍ជានិច្ច។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់សមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិន ពិនិត្យលទ្ធភាពបង្កើតយុទ្ធនាការ និងយន្តការកៀរគរវថិកាបរិច្ចាគតាមលទ្ធភាព និងមធ្យោបាយរៀងៗខ្លួន ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្ដល់ក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ នៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព៕