(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានផ្ញើសាររំលែកទុក្ខជូន លោកកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង និងលោកស្រី ចំពោះមរណភាពលោក ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូត នៃព្រះរាជាណាចក្រម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលត្រូវជាកូនរបស់លោក។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្ដែងនូវទុក្ខក្រៀមកំ ប្រកបដោយក្តីក្តុកក្តួលបំផុតជាមួយកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង និងលោកជំទាវ ចំពោះមរណភាពរបស់លោក ហោ ណាំបូរ៉ា ដែលត្រូវជាកូនបង្កើត កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង​ ១១:១១នាទី ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមសម្តែងនូវការសោកស្តាយ គ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពរបស់លោក ហោ ណាំបូរ៉ា ដែលត្រូវ ជាកូន ស្វាមី និងឪពុក ប្រកបដោយព្រហ្មវិហារធម៌ និងកតញ្ញូតាធម៌ បំផុត ជាពិសេសគឺបាន បាត់បង់នូវធនធានមនុស្សមួយរូប ដែលមានសមត្ថភាពខ្ពស់ខាងវិស័យការទូត ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងមានស្នាដៃជាច្រើន តាមរយៈការបំពេញ បេសកកម្មការទូតនៅតាមបណ្តាប្រទេសជាមិត្តកន្លងមក។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមចូលរួមរំលែកនូវមរណទុក្ខ នេះដោយក្តីសោកសង្រេងបំផុតជាមួយកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់លោក ហោ ណាំបូរ៉ា បានទៅកាន់សុគតិភពកុំបើខានឡើយ៕