Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរពេទ្យជប៉ុនទី១ នៅកម្ពុជា នឹងសម្ពោធក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃនេះ

20-09-2016 07:02

(ភ្នំពេញ)៖ «មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍» ដែលជាមន្ទីរពេទ្យជប៉ុនទី១ នៅក្នុងប្រទេសកម្ពុជា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ។

Fresh News TV នឹងធ្វើការផ្សាយផ្ទាល់កម្មវិធីសម្ពោធនេះ។

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ត្រូវបានបង្កើតឡើងដោយ លោកវេជ្ជបណ្ទិត Kitahara ដែលជាស្ថាបនិក។ មន្ទីរពេទ្យត្រូវបានដំណើរការសាងសង់ពីចុងឆ្នាំ២០១៤ ដោយប្រើប្រាស់ថវិកា ចំនួន ៣៥ លានដុល្លារ សហរដ្ឋអាមេរិក ហើយមានគម្រោងពង្រីកបន្ថែម ចំនួន២០លានដុល្លារ ទៀតនៅឆ្នាំ ២០១៩។

តាមការអះអាងរបស់ លោកវេជ្ជបណ្ទិត Kitahara បានឱ្យដឹងថា មន្ទីរពេទ្យនេះនឹងមានសេវាសំខាន់ៗមួយចំនួនដូចជា៖ ១) សេវាផ្នែកសង្គ្រោះបន្ទាន់ ២) ផ្នែកជំងឺដាច់សសៃរឈាមខួរក្បាល និងផ្នែកវះកាត់ប្រព័ន្ធប្រសាទ ៣) ផ្នែកជំងឺទូទៅ និង ៤) ផ្នែកពិនិត្យសុខភាពទូទៅ។

ការប្រសូត្រចេញនូវមន្ទីរពេទ្យជប៉ុនទី១ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរំពឹងថា នឹងជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរ ហើយកាត់បន្ថយអត្រាអ្នកទៅព្យាបាល​ នៅក្រៅប្រទេសផងដែរ៕