(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជូនពរឱ្យក្រុមបាល់ទាត់ជម្រើសជាតិរបស់បារាំង ឡើងផុតវគ្គ៨ក្រុម និងឈ្នះនៅវគ្គបន្តបន្ទាប់ទៀត ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់តំបន់អឺរ៉ុបឆ្នាំ២០២៤។
ការជូនពរនេះ បានធ្វើឡើងក្នុងពេលសម្តេចតេជោ អនុញ្ញាតឱ្យលោក ហ្សាក់ បឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ។
ទន្ទឹមនឹងការជូនពរនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរក្រុមបាល់ទាត់បារាំង ដែលបានឈានចូលដល់វគ្គ៨ក្រុម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់តំបន់អឺរ៉ុប ដែលតែងធ្វើឡើងរយៈពេល៤ឆ្នាំម្តងនោះ បានឈានដល់វគ្គ៨ក្រុមហើយ។ វគ្គ១ភាគ៤នេះ ក្រុមម្ចាស់ផ្ទះអាល្លឺងម៉ង់ ជួបក្រុមអេស្ប៉ាញ, បារាំង ជួបព័រទុយហ្គាល់, ហូឡង់ ជួបតួកគី ខណៈអង់គ្លេស ជួបស្វីស។
ការប្រកួតជម្រុះវគ្គ ១ភាគ៤ នឹងធ្វើឡើងនៅយប់ថ្ងៃទី៥ ខែកក្កដា ហើយការប្រកួតផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែកក្កដា៕