(ភ្នំពេញ)៖ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសាររម្លែកទុក្ខ ជូនឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បូរី ហោ ចំពោះមរណភាពលោក ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូត នៃព្រះរាជាណាចក្រម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលត្រូវជាកូនរបស់លោក។

សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល បានថ្លែងក្នុងសាររម្លែកទុក្ខទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់! តាងនាមមន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាល ដែលកំពុងបម្រើ ការងារនៅក្រសួងព្រះបរមរាជវាំង ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយបាន ទទួលដំណឹងមរណភាព ឯកឧត្តម ហោ ណាំបូរ៉ា ត្រូវជាកូនប្រុសបង្កើតរបស់ ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១១:១១នាទីព្រឹក ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ ។

ខ្ញុំសូមសម្តែងនូវការសោកស្តាយដ៏ក្រៃលែង និងសូមចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំជាទីបំផុត ជាមួយឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ។

ការទទួលមរណភាពរបស់ឯកឧត្តម ហោ ណាំបូរ៉ា គឺជាការបាត់បង់កូន ស្វាមី ឪពុក ដែលប្រកបទៅដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់នៃមហាជនទាំងពួង និងជាធនធានមនុស្សដ៏សំខាន់មួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុ បម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ ។

ខ្ញុំសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ ឯកឧត្តម ហោ ណាំបូរ៉ា និងសូម វិញ្ញាណក្ខន្ធឯកឧត្តម អញ្ជើញទៅកាន់សុគតិភពកុំបីខាន ។ សូម ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ ទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ ៕