(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ហ្សាក់ បឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានសម្តែងក្តីរីករាយចំពោះកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងបារាំង ក៏ដូចជាការកំណើនវិនិយោគរបស់បារាំងនៅកម្ពុជា។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក ហ្សាក់ បឺឡេ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូតបារាំង បានជម្រាបសម្តេចតេជោប្រធានព្រឹទ្ធសភា អំពីកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាបារាំង តាំងពីពេលបង្កើតព្រឹទ្ធសភាកម្ពុជាដំបូងនៅឆ្នាំ១៩៩៩មក។ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំងវិញ ក៏ត្រូវបានពង្រឹងយ៉ាងជិតស្និទ្ធតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសបារាំងចុងឆ្នាំ២០២២, ព្រះរាជដំណើររបស់ព្រះមហាក្សត្រ ក្នុងឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅខែមករា ឆ្នាំ២០២៤។
លោកឯកឧត្តមអគ្គរដ្ឋទូត បានបន្តទៀតថា លោកមានកិត្តិយសដែលនឹងទទួលស្វាគមន៍លោកឧបនាយករដ្ឋមន្ត្រី ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ដែលត្រូវដឹកនាំគណៈប្រតិភូកីឡាទៅប្រកួតកីឡារដូវក្តៅនៅពេលខាងមុខនេះ។
ទន្ទឹមនឹងនេះបារាំង ពិតជាសប្បាយរីករាយ និងសូមគាំទ្រពេញទំហឹង ចំពោះបេក្ខភាពប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ឆ្នាំ២០២៦ ដែលនឹងមានបណ្តាប្រទេសជាង ៩០ចូលរួម។ ប្រទេសកម្ពុជា នឹងក្លាយទៅជាប្រទេសទី២ ក្នុងអាស៊ាន ដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ បន្ទាប់ពីវៀតណាម នៅឆ្នាំ១៩៩៧ ដែលពេលនោះ លោក ក៏បានចូលរួមជួយវៀតណាមក្នុងការរៀបចំផងដែរ។
លោកឯកអគ្គរដ្ឋទូត បានបង្ហាញសេចក្តីពេញចិត្តចំពោះការនិយមប្រើប្រាស់ភាសាបារាំងនៃថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា។ លោក ក៏បានជម្រាបសម្តេចប្រធាន ពីគោលបំណងស្នើសុំពង្រីកវិទ្យាល័យបារាំង René Descartes នៅភ្នំពេញ ដោយសារចំនួនសិស្សដាក់ពាក្យសុំចូលរៀនកើនឡើងខ្ពស់ ដែលសាលាមិនអាចទទួលឱ្យចូលរៀនបាន។
លោកឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោ ពីកំណើននៃទំហំសេដ្ឋកិច្ចកម្ពុជា-បារាំង ដែលក្នុងនោះ ការវិនិយោគរបស់ក្រុមហ៊ុនបារាំងនៅកម្ពុជា ក៏កាន់តែច្រើនឡើងជាលំដាប់។ លើសពីនេះ នៅសប្តាហ៍ក្រោយ ស្ថានទូតបារាំង សហការជាមួយភាគីកម្ពុជា នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលនឹងមានការចូលរួមពីអ្នកវិនិយោគបារាំង វិស័យឯកជន ចំនួន២៥០រូប។ សម្តេចធិបតីនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីវេទិកាធុរកិច្ចនេះ អមជាមួយការធ្វើបទអន្តរាគមន៍ពីរដ្ឋមន្រ្តីចំនួន ៧រូប នៃរដ្ឋាភិបាលកម្ពុជាដែលសុទ្ធតែចេះនិយាយភាសាបារាំង។
កាលពីសប្តាហ៍មុន លោកឯកអគ្គរដ្ឋទូត ក៏បានចូលរួមពិធីបឋមសិលាសាងសង់គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលមានក្រុមហ៊ុនបារាំង Vinci Constructions ចូលរួម។ នេះគឺជា ជោគជ័យដ៏ធំនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា ស្ថានទូតបារាំង និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ជំនួយដល់កម្ពុជាតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានកើនឡើងពី១០០លានអ៊ឺរ៉ូ ដល់ ២១៥លានអ៊ឺរ៉ូ សម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈថាមពល និងផលិតកម្មទឹកស្អាត។
លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចតេជោ ពីបំណងបំពេញទស្សនកិច្ចនៅកម្ពុជារបស់លោក Gerard LARCHER ប្រធានព្រឹទ្ធសភាបារាំង នៅចុងឆ្នាំ២០២៤។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបដំណឹងមរណភាពរបស់លោក Roland Dumas អតីតរដ្ឋមន្រ្តីការបរទេសបារាំង ក្នុងជន្មាយុ ១០១ឆ្នាំ ដែលធ្លាប់ជាសហប្រធានអង្គប្រជុំជាច្រើនក្នុងដំណាក់កាលចរចាស្វែងរកសន្តិភាព រហូតដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជានៅឆ្នាំ១៩៩១។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-បារាំង ដែលកាន់តែជិតស្និទ្ធ និងរីកចម្រើន។ សម្តេចតេជោ បានចូលរួមអបអរសាទរ ថ្ងៃបុណ្យជាតិរបស់បារាំង នាថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ និងបានរម្លឹកពីការសាងសង់ឡើងវិញនូវវិមានរំលឹកគុណយុទ្ធជនខ្មែរ-បារាំងដែលពលីក្នុងសង្គ្រាមលោកលើកទី១ ដែលត្រូវបានសម្តេច សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចតេជោ បានជូនពរប្រទេសបារាំង ទទួលជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី១៩ ក្នុងឆ្នាំ២០២៤នេះ និង អរគុណដែលអញ្ជើញកីឡាករកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការអូឡាំពិកនេះ តាមវិញ្ញាសាដែលបារាំងរៀបចំ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលនឹងធានាដល់ប្រជាជននៅរាជធានីភ្នំពេញ និងតំបន់តាខ្មៅ លែងខ្វះខាតទឹកស្អាតប្រើប្រាស់។ សម្តេចតេជោ ក៏សូមស្វាគមន៍ និងអបអរសាទរដល់ការរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំង នៅសប្តាហ៍ក្រោយ។
សម្តេចតេជោ ក៏បានរំលឹកពីការបង្កើតស្ថាប័នព្រឹទ្ធសភាកម្ពុជា នៅឆ្នាំ១៩៩៩ ដែលជាតម្រូវការចាំបាច់សម្រាប់ប្រទេសជាតិ និងជាការបន្តអនុវត្តប្រព័ន្ធសភាពីរថ្នាក់នេះពីសម័យមុន។ នៅក្នុងនីតិកាលទី៥នៃព្រឹទ្ធសភា សម្តេច បានដាក់ចេញអាទិភាពសំខាន់ចំនួនពីរ គឺការទូតសភា ដោយសារតែស្ថានភាពពិភពលោកវិវត្តលឿនរហ័សពិបាកប៉ាន់ស្មាន ដែលទាមទារឱ្យកម្ពុជា ត្រូវវិភាគវាយតម្លៃសភាពការណ៍ឱ្យបានត្រឹមត្រូវចៀសវាងក្លាយជាប្រទេសគោលដៅក្នុងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយពីប្រទេសមហាអំណាច។ រីឯអាទិភាពទី២ គឺគណនេយ្យភាពរបស់ព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត ដោយសមាជិកព្រឹទ្ធសភាទាំងអស់ ត្រូវតែចុះជាប់ជាមួយនឹងអង្គបោះឆ្នោត។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណបារាំង ដែលគាំទ្របេក្ខភាពកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅឆ្នាំ២០២៦។ សម្តេចប្រធាន បានផ្តល់យោបល់ដល់ស្ថានទូតបារាំង ពិភាក្សាជាមួយដៃគូ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកការបង្រៀនភាសាបារាំងនៅកម្ពុជា ពីព្រោះតម្រូវការរៀនភាសាបារាំងនេះ នឹងមិនថមថយនោះទេ។
សម្តេចតេជោ និងលោកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងបានបញ្ជាក់សាជាថ្មីពីការបន្តកិច្ចសហប្រតិបត្តិការការទ្វេភាគី ឱ្យកាន់តែរីកចម្រើនថែមទៀត ដែលមានវិស័យការទូតសភា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល វប្បធម៌ អប់រំ ឌីជីថល យោធា តាមរយៈកងទ័ពមួកខៀវ ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ក្នុងការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខសកល ដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងការប្រើប្រាស់ផ្លាស្ទិក ជំងឺអេដស៍...។ល។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងសមានចិត្តសោកសៅ និងតក់ស្លុតជាទីបំផុត ចំពោះមរណភាពរបស់លោក Roland Dumas។ សម្ដេចតេជោ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត។ សម្ដេចតេជោ បានចាត់ទុកលោក Roland Dumas ជាអ្នកមានគុណម្នាក់ចំពោះកម្ពុជា ដែលបានជួយក្នុងកិច្ចចរចានានាជាបន្តបន្ទាប់ និងក្នុងការរៀបចំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
សម្តេចតេជោបានរំលឹកអនុស្សាវរីយ៍ និងទំនាក់ទំនងការងារជាច្រើន ដែលលោក Roland Dumas បានធ្វើ ដើម្បីសន្តិភាពក្នុងប្រទេសកម្ពុជា៕