(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសាររម្លែកទុក្ខ ជូនឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បូរី ហោ ចំពោះមរណភាពលោក ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូត នៃព្រះរាជាណាចក្រម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលត្រូវជាកូនរបស់លោក។

ព្រះមហាក្សត្រ មានព្រះបន្ទូលក្នុងព្រះរាជសារដូចខាងក្រោមនេះ៖

ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់!

ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីឯកឧត្តម ហោ ណាំបូរ៉ា ត្រូវជាកូនប្រុសបង្កើត របស់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ ដែលបានទទួលមរណភាព នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១១:១១នាទីព្រឹក ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ ។

ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសូមសម្តែងនូវសេចក្តីសោកស្តាយ ជាមួយ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ នៃសព ។
មរណភាពនៃឯកឧត្តម ហោ ណាំបូរ៉ា គឺជាការបាត់បង់កូន ស្វាមី និងឪពុក ដែល ប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាការបាត់បង់ធនធានមនុស្សដ៏ល្អមួយរូបរបស់ ប្រទេសជាតិ ដែលបានលះបង់កម្លាំងកាយ និងបញ្ញាស្មារតី បម្រើការងារការទូតជាច្រើន ប្រទេស និងចូលរួមចំណែកបម្រើ ជាតិ សាសនា និង ព្រះមហាក្សត្រ ។

សូមវិញ្ញាណក្ខន្ធ ឯកឧត្តម ហោ ណាំបូរ៉ា អញ្ជើញទៅកាន់សុគតិភព កុំបីខាន ។ សូម ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ ៕