(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសាររម្លែកទុក្ខ ជូនឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បូរី ហោ ចំពោះមរណភាពលោក ហោ ណាំបូរ៉ា អតីតឯកអគ្គរាជទូត នៃព្រះរាជាណាចក្រម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលត្រូវជាកូនរបស់លោក។

សម្តេចព្រះមហាក្សត្រី មានព្រះបន្ទូលក្នុងព្រះរាជសារដូចខាងក្រោមនេះ៖

ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់!

ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីមរណភាពឯកឧត្តម ហោ ណាំបូរ៉ា ដែលត្រូវជា កូនប្រុសបង្កើតរបស់ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១១:១១នាទីព្រឹក ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ ។

ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសូមចូលរួមសោកស្តាយជាមួយ ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ។
មរណភាពនៃឯកឧត្តម ហោ ណាំបូរ៉ា គឺជាការបាត់បង់កូន ស្វាមី និងឪពុក ដែលប្រកបដោយ ព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាការបាត់បង់ធនធានមនុស្សដ៏ល្អមួយរូប ដែលបានលះបង់ កម្លាំងកាយ និងបញ្ញាស្មារតី បម្រើការងារការបរទេស និងចូលរួមចំណែកបម្រើ ជាតិ សាសនា និង ព្រះមហាក្សត្រ ។

សូមវិញ្ញាណក្ខន្ធ ឯកឧត្តម ហោ ណាំបូរ៉ា អញ្ជើញទៅកាន់សុគតិភព កុំបីខាន ។ សូម ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ ទទួលនូវសេចក្ដីរាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ ៕