(កំពង់ចាម)៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានដាក់ចេញបទបញ្ជាយ៉ាងមុឹងម៉ាត់ដល់កម្លាំងជំនាញផែនការងារសណ្ដាប់ធ្នាប់ សហការជាមួយកម្លាំងជំនាញស្រុក-ក្រុងទាំង១០ បន្ដចុះអនុវត្តវិធានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកប្រើប្រាស់ផ្លូវ និងនៅតាមគ្រឹះស្ថានអប់រំ។

លោកវរសេនីយ៍ឯក អឿ សុភា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា វិធានការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនេះ បានធ្វើឡើងរួមមាន៖

*ទី១៖ ផ្សព្វផ្សាយច្បាប់ និងអប់រំណែនាំអ្នកប្រើប្រាស់ផ្លូវនៅតាមគោលដៅប្រឈមគ្រោះថ្នាក់ចរាចរណ៍កន្លងមក និងតាមគោលដៅតាមទីចំណត និងទីផ្សារនានា ក្នុងស្រុក/ក្រុងទាំង១០
*ទី២៖ ផ្សព្វផ្សាយ ណែនាំអប់រំដល់អ្នកប្រើប្រាស់ផ្លូវ នៅគោលដៅបន្ថែមថ្មីចំនួន៤ស្រុក រួមមាន៖ ស្រុកព្រៃឈរ, ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ត្រូវអនុវត្តការផាកពិន័យនៅសប្តាហ៍ក្រោយនេះ។ ដោយឡែកស្រុកចំការលើ ត្រៀមចុះអនុវត្តការត្រួតពិនិត្យល្បឿនយានយន្ត
*ទី៣៖ ផ្សព្វផ្សាយច្បាប់ចរាចរណ៍, ផលប៉ះពាល់នៃគ្រឿងញៀន និងការប្រើប្រាស់បារីអេឡិចត្រូនិច នៅតាមគ្រឹះស្ថានអប់រំ
*ទី៤៖ ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនសិស្សានុសិស្សពេលចេញពីសាលារៀន។

សូមបញ្ជាក់ថា ការចុះអនុវត្តវិធានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការចុះអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក បានអនុវត្តជាប់ជាប្រចាំ ដើម្បីជំរុញដល់ការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយធានាបាននូវការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ជាអតិបរមា៕