(ភ្នំពេញ)៖ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រៀមពិនិត្យពិភាក្សា និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញបច្ចេកទេស។

ជាកិច្ចចាប់ផ្ដើមអង្គប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចកែសម្រួលខ្លឹមសារមួយចំនួននៅក្នុងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដើម្បីធានាសេចក្តីព្រាងអនុក្រឹត្យមានទម្រង់ត្រឹមត្រូវតាមផ្លូវច្បាប់ និងខ្លឹមសារគ្រប់ជ្រុងជ្រោយ មានសង្គតិភាពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងឆ្លើយតបទៅតាមការវិវត្តស្ថានភាពជាក់ស្តែងនៃវិស័យដឹកជញ្ជូនផ្លូវដែកនៅកម្ពុជា។

សូមជម្រាបជូនថា អនុក្រឹត្យនេះរៀបចំឡើងក្នុងគោលបំណងគ្រប់គ្រង និងលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវដែក ទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ សំដៅទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់សង្គម ដែលតែងតែកើតមាននៅតាមបណ្ដាញផ្លូវដែក ក៏ដូចជាកាត់បន្ថយឧបសគ្គនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវដែក កាត់បន្ថយរាល់ការចំណាយរបស់រដ្ឋទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ ដែលតាំងទីលំនៅតាមបណ្ដាញផ្លូវដែក បង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋដែលមានកម្មសិទ្ធិនៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា៕