(ភ្នំពេញ)៖ កញ្ញា ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបន្តទទួលបានពានរង្វាន់ជាពានរង្វាន់ «ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២៤» ពីស្ថាប័ន Korea Consumer Global Council ។
គិតទាំងលើកនេះ កញ្ញា ជ្រឹង បុទុមរង្សី បានទទួលពានរង្វាន់ជា «ឯកអគ្គរាជទូតឆ្នើម» រយៈពេល៣ឆ្នាំជាប់គ្នា (ឆ្នាំ២០២២ ឆ្នាំ២០២៣ និង២០២៤)។
កញ្ញា ជ្រឹង បុទុមរង្សី ត្រូវបានតែងតាំង ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ជំនួសលោក ឡុង ឌីម៉ង់ ដែលបានចប់អាណត្តិ។
កញ្ញា ជ្រឹង បុទុមរង្សី កើតនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៣ នៅខេត្តកំពង់ធំ បានបញ្ចប់ការសិក្សាកម្រិត វិទ្យាល័យនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី គឺវិទ្យាល័យ SIR JOSEPH BANKS កាលពីឆ្នាំ២០០១ និងបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ Western Sydney ប្រទេសអូស្រ្តាលី និងនៅឆ្នាំ២០០៨ ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច នៅសាកលវិទ្យាល័យ Westminster ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
នៅឆ្នាំ ២០១៣ កញ្ញាត្រូវបានតែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ មកដល់ឆ្នាំ២០១៨ កញ្ញាត្រូវបានផ្ទេរមកបម្រើការងារ នៅក្រសួងការបរទេស មានឋានៈជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ បន្ទាប់មកនៅចុងឆ្នាំ ២០២០ ក៏ឡើងជារដ្ឋលេខាធិការក្រសួងការបរទេស ហើយទើបក្លាយជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង នៅឆ្នាំ២០២១។
Korea Consumer Global Council គឺជាស្ថាប័នមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងបណ្ដាអតិថិជន និងបណ្ដាក្រុមហ៊ុន។ ស្ថាប័ននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ និងមានគោលដៅគាំទ្រដល់អង្គការជាសមាជិករបស់ខ្លួន នៅក្នុងកិច្ចគាំពារសកម្មភាពរបស់អតិថិជន ឬអ្នកប្រើប្រាស់ ដើម្បីជួយដល់ពួកគេសម្រេចគោលដៅ ដែលខ្លួនចង់បានប្រកបដោយប្រសិទ្ធភាព៕