(សៀមរាប)៖ លោកវេជ្ជបណ្ឌិត ប៉ុន ឡាឌីន ប្រធានផ្នែកវះកាត់បេះដូងកុមារ នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាសៀមរាប ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានថ្មីៗនេះ បានឱ្យដឹងថា ពេទ្យគន្ធបុប្ផា បានចាប់ដំណើរការសេវាវះកាត់ជំងឺបេះដូងពីកំណើតចាប់តាំងពីឆ្នាំ២០១១ ដោយមានការជួយបណ្តុះបណ្តាលពីគ្រូពេទ្យជំនាញបរទេស។

ក្រោយពីទទួលបានការបណ្តុះបណ្តាលរយៈពេល២ឆ្នាំ ពោលគឺនៅឆ្នាំ២០១៣មក ក្រុមគ្រូពេទ្យខ្មែរ បានចាប់ផ្តើមធ្វើដោយខ្លួនឯងទាំងអស់ ជាប្រចាំដោយធ្វើការវះកាត់ករណីធម្មតា រហូតដល់ករណីស្មុគស្មាញ និងផ្នែកបិទបេះដូងប្រហោង បានចំនួន៨០០០ករណី។

លោកវេជ្ជបណ្ឌិត បានបន្តថា បន្ទាប់មកក្រុមគ្រូពេទ្យជំនាញរបស់ខ្មែរយើងបានពង្រឹងសមត្ថភាព គឺអាចធ្វើការវះកាត់ពីកុមារធំ មកតូចៗ ដែលមានកុមារទំម្ងន់២គីឡូកន្លះក៏មាន បើគិតជាអាយុវិញមានអាយុ១អាទិត្យ ឬ៣ថ្ងៃក៏មាន។

លោកវេជ្ជបណ្ឌិត ប៉ុន ឡាឌីន បានឱ្យដឹងថា៖ «ចាប់តាំងពីយើងវះកាត់លើកដំបូង ពីឆ្នាំ២០១១ ដល់អីឡូវនៅសៀមរាប ពេទ្យជ័យវរ្ម័នទី៧ វា៤០០០ករណី ហើយនៅភ្នំពេញ ជិត២០០០ករណី ដូច្នេះ សរុបទាំងអស់ការវះកាត់បេះដូង គឺជាង៦០០០ករណី ហើយផ្នែកកាត់កាទែ (ផ្នែកបិទបេះដូងប្រហោង) ២០០០ករណីទៀត សរុប៨០០០ករណី នៃការព្យាបាលបេះដូង ទាំងការវះកាត់បេះដូង រួមផ្សំទាំងការបិទផ្ជិតកាត់កាទែ»

ដោយឡែកបើនិយាយអំពីអត្រាមរណភាពរបស់កុមារនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាជ័យវន្មទី៧ សៀមរាប មុនឆ្នាំ២០១១ ដែលមិនទាន់មានសេវាវះកាត់ជំងឺបេះដូងឃើញថា កុមារដែលទទួលមរណភាពភាគច្រើនជាអ្នកមានជំងឺបេះដូង។ ចំពោះការផ្តល់សេវាវះកាត់ជំងឺបេះដូង គឺផ្តល់ជូនទាំងអ្នកមាន និងអ្នកក្រ គឺមន្ទីរពេទ្យគន្ធបុប្ផាព្យាបាលទាំងអស់ដោយស្មើរៗគ្នា។

លោកវេជ្ជបណ្ឌិត ប៉ុន ឡាឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចាប់ផ្តើមវះកាត់ជំងឺបេះដូងជំងឺកុមារនៅមន្ទីរពេទ្យគន្ធបុប្ផា ដំបូងឡើងគឺយើងធ្វើនៅតែខេត្តសៀមរាបទេ ក្នុងឆ្នាំ២០១១ ជាដំបូងឡើងមានការបណ្តុះបណ្តាលពីគ្រូពេទ្យបរទេស គ្រូពេទ្យកម្ពុជាយើង តាំងពីឆ្នាំ២០១១ មក ហើយ២ឆ្នាំបន្ទាប់ពីយើងរៀនសូត្រ គឺក្រុមគ្រូពេទ្យកម្ពុជា បានចាប់ផ្តើមវះកាត់ដោយខ្លួនឯង ជាប្រចាំតាំងពីដំណាក់ដំបូង សាមញ្ញ រហូតដល់ដំណាក់កាលស្មុគស្មាញ»