(ភ្នំពេញ)៖ បណ្ណាល័យពាក់កណ្តាល-ឌីជីថល បង្កើតឡើងជាផ្លូវការដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ដែលមានទីតាំងស្ថិតនៅក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ បណ្ណាល័យនេះ បង្កើតឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ដោយមាន ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរងយោធភូមិភាគទី៤ ជាប្រធានគ្រប់គ្រងបណ្ណាល័យ ។

យោធា មានតួនាទី និងភារកិច្ចសំខាន់ណាស់ក្នុងការការពារប្រជាជន និងប្រទេសជាតិ ។ បណ្ណាល័យពាក់កណ្តាល-ឌីជីថល បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ដល់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាល ចំណេះដឹងដល់យោធា ក៏ដូចជាសាធារណជនទូទៅ ។

ប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងបានលើកឡើងនៅក្នុងខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ លើចំណុចសំខាន់ៗដែលគាំទ្រដល់ការអប់រំពីអំពើប្រល័យពូជសាសន៍ ឲ្យដឹងថា «ស្ថាប័នរដ្ឋាភិបាលទាំងអស់ទាំងយោធា និងស៊ីវិល ត្រូវតែគាំទ្រការងារ អប់រំពីអំពើប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ»

សម្តេចធិបតី បានបន្តថា «យើងត្រូវតែធានាថាការបង្រៀនប្រវត្តិសាស្រ្ត ត្រូវបានដាក់បញ្ចូលយ៉ាងត្រឹមត្រូវ នៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ និងឯកជន ចាប់ពីអនុវិទ្យាល័យរហូតដល់សាកលវិទ្យាល័យ ហើយគ្រូបង្រៀនទាំងអស់របស់យើង អាចចូលរួមជាកម្លាំង ដើម្បីផ្សព្វផ្សាយការអប់រំពីអំពើប្រល័យពូជសាសន៍ នៅក្នុងសាលារៀនទូទាំងប្រទេស ។ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្ត្រនោះទេ ។ យើងក៏អាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទ ចាប់ពី សីលធម៌ និងអក្សរសាស្រ្តខ្មែរ រហូតដល់ការសិក្សាពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍជំនាញទន់ផ្សេងទៀតផងដែរ ។ យើងក៏អាចស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្សដែល មានវ័យ និងជំនាន់ផ្សេងគ្នា រួមមាន តាមរយៈសិល្បៈ មាតិកាឌីជីថល ឬគំនូរជីវចល ជាដើម» 

បណ្ណាល័យពាក់កណ្តាល-ឌីជីថល គឺជាសាលអានដ៏សំខាន់មួយសម្រាប់យោធា និងសាធារណជន សិក្សារៀនសូត្របន្ថែម និងជាកន្លែងតម្កល់ទុកឯកសារទូទៅ ក៏ដូចជាឯកសារប្រវត្តិសាស្រ្តសំខាន់នានាសម្រាប់ ការសិក្សាស្រាវជ្រាវ គាំទ្រដល់ការអប់រំ និងការចូលរួមប្រមូល និងថែរក្សាឯកសារប្រវត្តិសាស្រ្តជាដើម ។

ដោយមើលឃើញពីតួនាទីយ៉ាងសំខាន់របស់បណ្ណាល័យពាក់កណ្តាល-ឌីជីថល និងគាំទ្រដល់ការអប់រំពីអំពើ ប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា (១៩៧៥ ដល់១៩៧៩) និងប្រវត្តិសាស្រ្តយោធា ឲ្យបានកាន់តែទូលំទូលាយ មជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ ដែលជាកន្លែងផ្ទុកឯកសារប្រវត្តិសាស្រ្ត និងឯកសារផ្សេងៗដ៏សម្បូរបែប បានចូលរួមចំណែកក្នុងការរៀបចំបណ្ណាល័យនេះ ឲ្យទៅជាបណ្ណាល័យពេញលេញមួយ ដោយបានផ្ដល់ជូននូវសៀវភៅសរុបចំនួន ៥៧០ក្បាល (សៀវភៅចំណេះដឹងទូទៅចំនួន ១៧៣ក្បាល រួមទាំងសៀវភៅប្រវត្តិសាស្រ្ត, ទស្សនាវដ្តីស្វែងរកការពិត និងសៀវភៅអប់រំសុខភាពរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាចំនួន ៣៩៧ក្បាល) និងឯកសារប្រវត្តិសាស្រ្តច្រើនបែបទៀត សរុបចំនួន ៣,៨៤៩ ឯកសារ ដែលស្មើនឹង ១៥១,៧៤៣ ទំព័រ (ក្នុងនោះរួមមាន ឯកសារបទសម្ភាសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងឯកសារប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងខេត្តសៀមរាប ឧត្តរមានជ័យ និងកំពង់ធំ សរុបចំនួន ២,៧៣៧ ឯកសារ ដែលស្មើនឹង ២៦,៤៦៤ ទំព័រ រួមទាំងប្រភេទឯកសារប្រតិចារិកអង្គជំនុំជម្រះមេដឹកនាំខ្មែរក្រហម នួន ជា និង ខៀវ សំផន ៖ ជាភាសាខ្មែរ អង់គ្លេស និងបារាំង និងសាលក្រមនៃអង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា ករណីសំណុំរឿង ០០១, ០០២/១ និង០០២/២ ជាភាសាខ្មែរ និងអង់គ្លេស សរុបចំនួន ១,១១២ ឯកសារ ដែលស្មើនឹង ១២៥,២៧៩ទំព័រ) ។

មជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ បានជួយរៀបចំបំពាក់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (កុំព្យូរទ័រ ១គ្រឿង, ម៉ាស៊ីនព្រីនធ័រ ១គ្រឿង, អង្គផ្ទុកទិន្ន័យទំហំ ២តេ ១គ្រឿង, ឧបករណ៍ទប់ភ្លើង ១គ្រឿង, កាសស្តាប់សំឡេង ១គ្រឿង, ខ្សែតកុំព្យូទ័រ ៣ខ្សែ, ម៉ាស៊ីនបញ្ចាំងស្លាយ ១គ្រឿង, និងផ្ទាំងបញ្ចាំងរូបភាព ១ផ្ទាំង) និងសម្ភារផ្សេងៗទៀត (បំពាក់ម៉ាស៊ីនត្រជាក់ ៦គ្រឿង, រីដូបង្អួចចំនួន ៥២ការ៉េ, តភ្ជាប់បណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងបណ្ណាល័យ ១ឈុត, ផ្គត់ផ្គង់ការចំណាយលើថ្លៃប្រើប្រាស់អគ្គីសនី ១ឆ្នាំ, ក្រដាស ១០០រ៉ាម និងទឹកថ្នាំព្រីន ៥ប្រអប់, ប្រអប់ដាក់ឯកសារ ១០០ប្រអប់ និងរៀបចំដាក់ផ្លាកសញ្ញាបណ្ណាល័យ) ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកសិក្សាស្រាវជ្រាវនៅក្នុងបណ្ណាល័យ ។

នៅក្នុងបណ្ណាល័យពាក់កណ្តាល-ឌីជីថល មានរៀបចំសមុច្ច័យជាច្រើនប្រភេទ រួមមាន ៖ ១.សៀវភៅ ចំណេះដឹងទូទៅទាំងភាសាខ្មែរ និងភាសាអង់គ្លេស (ច្បាប់, នយោបាយ, សង្គម និងអក្សរសិល្ប៍) ២.សៀវភៅ ប្រវត្តិសាស្រ្ត ៣.ឯកសារបទសម្ភាស និងឯកសារប្រវត្តិសាស្រ្ត នៅខេត្តសៀមរាប ឧត្តរមានជ័យ និងកំពង់ធំ ៤.ប្រតិចារិកទាក់ទងមេដឹកនាំខ្មែរក្រហម និងសាលក្រមនៃអង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា (អ.វ.ត.ក) និង៥.ឯកសារប្រវត្តិសាស្រ្តជាភាសាវៀតណាម ។ បណ្ណាល័យពាក់កណ្តាល-ឌីជីថល បានចងក្រងឯកសារជាប្រភេទក្រដាស សៀវភៅ និងឯកសារមួយចំនួនទៀតជាប្រភេទឯកសារឌីជីថល ៕