(ភ្នំពេញ)៖ លោក ស្តេហ្វេន មេសសេរឺ (STEFAN MESSERER) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនអាល្លឺម៉ង់មួយទៀត កំពុងពិនិត្យលទ្ធភាពពង្រីកការវិនិយោគនៅកម្ពុជា បន្ថែមពីលើការវិនិយោគនៅប្រទេសវៀតណាម។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់បែបនេះក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ។
បើតាមលោកឯកអគ្គរដ្ឋទូត ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះ កំពុងសិក្សាបន្ថែមទៀត លើបរិយាកាសសម្រាប់ការវិនិយោគ រួមទាំងនីតិវិធីពន្ធដារជាដើម។
សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រការវិនិយោគតាមរូបមន្ត១បូកនេះ ហើយសម្តេចក៏ចង់បានផងដែរ។ សម្ដេចតេជោ បានលើកករណីក្រុមហ៊ុនជប៉ុនមីនីបៀ ដែលវិនិយោគនៅប្រទេសជិតខាងរបស់កម្ពុជា ក៏បានពង្រីកការវិនិយោគនៅកម្ពុជា ធ្វើឱ្យច្រវាក់ផ្គត់ផ្គង់មានភាពរលូនមិនរអាក់រអួល។
ទាក់ទងនឹងបរិយាកាសវិនិយោគនៅកម្ពុជានេះដែរ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានអះអាងថា រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី កំពុងបន្តខិតខំយ៉ាងសកម្មក្នុងការសម្របសម្រួលធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរឡើង។
សម្តេចតេជោ បានបញ្ជាក់ផងដែរថា កម្ពុជា កំពុងតែជំរុញការនាំចេញទៅកាន់បណ្ដាប្រទេសផ្សេងៗ នៅអឺរ៉ុប នៅអាមេរិក និងប្រទេសជប៉ុន កូរ៉េ ចិន ឱ្យកាន់តែធំថែមទៀត នៅក្នុងក្របខ័ណ្ឌ នៃ RCEP ដែលបានចូលជាធរមាន AFTA កិច្ចព្រមព្រៀងផ្លាស់ប្តូរសេដ្ឋកិច្ចសេរី ជាមួយ ចិន កូរ៉េ អេមីរ៉ាតអារ៉ាប់រួម...។ ជាមួយគ្នានេះ កម្ពុជា កំពុងតែខិតខំស្វែងរកបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតផងដែរ៕