(ភ្នំពេញ)៖ លោក ស្តេហ្វេន មេសសេរឺ (STEFAN MESSERER) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានសន្យាជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍របស់កម្ពុជា ខណៈលោកកត់សម្គាល់ឃើញនូវសន្ទុះនៃការរីកចម្រើនដ៏ល្អប្រសើរ។
លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបញ្ជាក់បែបនេះនៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ។
ជាកិច្ចស្វាគមន៍នៃជំនួប សម្ដេចតេជោ បានអបអរសាទររដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់អឺរ៉ុប បានល្អប្រសើរ និងអបអរសាទរក្រុមបាល់ទាត់អាល្លឺម៉ង់ ទទួលបានជោគជ័យក្នុងការប្រកួតរហូតឡើងដល់វគ្គ៨ក្រុម។
លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបង្ហាញការកត់សម្គាល់ថា ក្នុងរយៈពេលពីរឆ្នាំនៃការបំពេញការងារនៅកម្ពុជា លោកបានឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើន ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍន៍យ៉ាងលឿន និងរស់រវើកគួរជាទីចាប់អារម្មណ៍យ៉ាងក្រៃលែង។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានសម្ដែងការរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងពីរកម្ពុជា និងអាល្លឺម៉ង់ មានការរីកចម្រើនរឹងមាំជាបន្តបន្ទាប់ ពិសេសបានពង្រឹងការផ្លាស់ប្ដូរទស្សនកិច្ច និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ បើតាមលោកឯកអគ្គរដ្ឋទូតរយៈពេលពីរឆ្នាំកន្លងមកនេះ មានគណៈប្រតិភូរបស់អាល្លឺម៉ង់រហូតដល់ទៅ១៧គណៈប្រតិភូ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា រួមទាំងប្រធានាធិបតី និងភរិយាផងដែរ។ ចំនួននេះច្រើនជាងរយៈពេល ១០ឆ្នាំកន្លងទៅ។
លោកឯកអគ្គរដ្ឋទូត បានឱ្យដឹងផងដែរថា នៅពេលខាងមុខនេះ គណៈប្រតិភូធុរកិច្ច របស់អាល្លឺម៉ង់ចំនួន៣ទៀត នឹងមកកាន់កម្ពុជា ហើយលោកសង្ឃឹមថា ការវិនិយោគផ្ទាល់ពីអាល្លឺម៉ង់ នឹងត្រូវបានពង្រីកថែមទៀតនៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្ដេចតេជោ ពីការបើកស្ថានកុងស៊ុលកិត្តិយសរបស់អាល្លឺម៉ង់ប្រចាំទីក្រុងសៀមរាប នៅខែមិថុនាកន្លងទៅ ដែលដឹកនាំដោយកុងស៊ុលកិត្តិយសម្នាក់មានជំនាញខាងពាណិជ្ជកម្ម និងទេសចរណ៍។ លោកឯកអគ្គរដ្ឋទូត ជឿជាក់ថា ស្ថានកុងស៊ុលកិត្តិយសនេះ នឹងជួយជំរុញការទាក់ទាញទេសចរណ៍អាល្លឺម៉ង់ និងបណ្ដាប្រទេសនៅអឺរ៉ុបមួយចំនួនទៀត មកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌។
លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានបន្ថែមថា លោកនឹងប្រឹងប្រែងបន្តទៀត ដើម្បីគាំទ្រកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍស្របតាមយុទ្ធសាស្ត្របញ្ចកោណ។
បន្ថែមលើទំានាក់ទំនងទ្វេភាគី ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លើកឡើងថា កម្ពុជា និងអាល្លឺម៉ង់ មានកិច្ចសហប្រតិបត្តិការល្អនៅលើវេទិកាអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូត ក៏បានអរគុណកម្ពុជា ដែលបានគាំទ្រការហ្វឹកហ្វឺនអ្នកដោះមីនអ៊ុយក្រែន។ អាល្លឺម៉ង់ ចង់ឱ្យកម្ពុជាបន្តពង្រីកការងារបណ្ដុះបណ្ដាលនេះបន្ថែមទៀត។
ទាក់ទងនឹងបញ្ហាដោះមីននេះដែរ លោកឯកអគ្គរដ្ឋទូត បានសន្យាថា នឹងបន្តធ្វើការជាមួយអង្គការនានា លើកិច្ចការដោះមីន ដើម្បីឱ្យកម្ពុជាសម្រេចគោលដៅក្លាយជាប្រទេសគ្មានមីននៅក្នុងឆ្នាំ២០២៥ខាងមុខ។ ជាមួយនេះអាល្លឺម៉ង់ ក៏បន្តគាំទ្រគម្រោងអភិរក្សប្រាសាទអង្គរ និងប្រាសាទនានា ដែលជាបេតិកភ័ណ្ឌវប្បធម៌ដ៏សម្បូរបែប ដែលគម្រោងនេះមានរយៈពេលវែងជាងគេលើពិភពលោក។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងការរីករាយដោយសម្ដេចបានធ្វើការជាបន្តបន្ទាប់ជាមួយនឹងថ្នាក់ដឹកនាំអាល្លឺម៉ង់ ជាពិសេសក្នុងជំនួបជាមួយប្រធានាធិបតីអាល្លឺម៉ង់ ក្នុងទីក្រុងព្រុចសែលពេលកន្លងមកនេះ ហើយថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា និងធ្វើការជាមួយគ្នាបន្តទៀត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបន្តជួយកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ សម្តេចតេជោ បានលើកឡើងថា ការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ បានបង្កើនកម្រិតកាន់តែខ្ពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេស ចរណ៍ដែលធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ សម្ដេចតេជោ បានបន្តថា សម្ដេច មានមោទនភាពចំពោះសមិទ្ធផលល្អៗ ដែលសម្រេចបានជាមួយគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានស្នើឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បន្តជំរុញការងារក្នុងវិស័យសេដ្ឋកិច្ច ការវិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។
ពាក់ព័ន្ធបញ្ហាមីនវិញ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា កម្ពុជាគ្រោងបញ្ចប់ការដោះមីនទាំងអស់នៅក្នុងឆ្នាំ២០២៥ ក៏ប៉ុន្តែសម្ដេចមានការព្រួយបារម្ភថា គោលដៅនេះ អាចសម្រេចមិនបានទាំងស្រុង។ សម្តេចតេជោសង្ឃឹមថា អាល្លឺម៉ង់ នឹងបន្តជួយលើការដោះមីននេះ។
សម្ដេចតេជោ ក៏បានអរគុណចំពោះភាគីអាល្លឺម៉ង់ ដែលបានយកចិត្តទុកដាក់ និងជួយថែរក្សាប្រាង្គប្រាសាទរបស់កម្ពុជា។ ដោយកម្ពុជាមានប្រាង្គប្រាសាទច្រើន សម្តេចតេជោ អំពាវនាវឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ និងមិត្តភក្កិដទៃទៀតបន្តជួយការពារ ថែទាំ និងអភិរក្សកេរដំណែលដូនតានេះ។
នៅលើទំនាក់ទំនងទ្វេភាគីវិញ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានស្នើភាគីអាល្លឺម៉ង់ ជំរុញការចរចាឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងសហភាពអឺរ៉ុប។
សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយ ក្នុងការបន្តកិច្ចការដែលបានធ្វើជាមួយគ្នា ជាពិសេសជំរុញទេសចរណ៍អាល្លឺម៉ង់មកកាន់កម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។ សម្តេចតេជោ ជឿជាក់ថា ការបង្កើតស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់នៅទីក្រុងសៀមរាប អាចនឹងជួយជំរុញវិស័យទេសចរណ៍ផងដែរ។
ក្នុងជំនួបនេះ សម្តេចតេជោ និងលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏បានពិភាក្សាគ្នាអំពីបញ្ហាប្រឈមនានានៅក្នុងតំបន់ និងសកលលោក រួមមានវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ៕