(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរ បានរៀបចំកម្មវិធីប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថា MET នៃសហរដ្ឋអាមេរិក ប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។

ក្នុងចំណោមវត្ថុទាំង១៤នោះ មានវត្ថុពិចិត្រមួយចំនួនដែលត្រូវបានយកចេញពីប្រទេសកម្ពុជាទៅដូចជា៖ រូបប្រតិមាព្រះនាងឧមា ធ្វើពីថ្មភក់ ដែលត្រូវបានលួចយកចេញទៅក្នុងឆ្នាំ១៩៩៧, ព្រះសិរលោកេសូរ ធ្វើពីសំរិទ្ធដែលមានដងខ្លួនរក្សាទុកនៅក្នុងសារមន្ទីរជាតិ និងប្រតិមាព្រះលោកេសូរធ្វើពីសំរិទ្ធដែលសារមន្ទីរ METទិញពីលោក ឌូគ្លាស ឡាដហ្វដ(Douglas Latchford)ក្នុងឆ្នាំ១៩៩២។

ក្រៅពីនេះមានប្រតិមាផ្សេងៗទៀតធ្វើពីថ្មភក់ និងលោហធាតុចំនួន១១ផ្សេងទៀត ក៏បានយោងដំណើរត្រលប់មកមាតុប្រទេសវិញដោយសុខសុវត្ថិភាព។

គួរជម្រាបថា វត្ថុបុរាណខ្មែរចំនួន ១៤ ត្រូវបានបញ្ជូនពីសារមន្ទីរ MET មកដល់សារមន្ទីរជាតិកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការប្រគល់ជូនមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ២០២៣។

ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំរវាងក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយនឹងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក(SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមា តុភូមិសហរដ្ឋអាម៉េរិក(HSI) និងតំណាងសារមន្ទីរ MET ជាដើម។

វត្ថុបុរាណខ្មែរទាំងនេះមានដូចជា ទេពស្រី គឺព្រះនាងឧមា ធ្វើពីថ្មភក់កាលពីអំឡុងសតវត្សរ៍ទី១០ នៃគ្រិស្តសករាជ ដែលជារូបចម្លាក់ដ៏ល្អឯកមួយមានប្រភពមកពីរាជធានីកោះកេរ។ កាលពីឆ្នាំ២០២១ អ្នកជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរកឃើញប្រអប់ជើងនៃបដិមានេះនៅរមណីយដ្ឋានប្រាសាទកោះកេរ និងដោយផ្អែកលើសក្ខីកម្មពីអតីតបុគ្គលដែលបានលួចបានបញ្ជាក់ថា បដិមានេះត្រូវបានលួចយកចេញនៅឆ្នាំ១៩៩៧។ ទីបំផុតរូបចម្លាក់ព្រះនាងឧមា អាចផ្គុំជាមួយគ្នាឡើងវិញចេញជារូបបដិមាតែមួយពេញលេញ និងល្អវិចិត្រ។

ចម្លាក់ដ៏កម្រ និងជាស្នាដៃឯកមួយទៀត គឺបដិមាព្រះលោកេសូរ ធ្វើពីសំលោហៈនាអំឡុងចុងសតវត្សរ៍ទី១០ ដើមសតវត្សរ៍ទី១១ នៃគ្រិស្តសករាជ ដែលសារមន្ទីរ MET បានទិញបដិមានេះពីលោក Douglas Latchford នៅក្នុងឆ្នាំ១៩៩២។ វត្ថុបុរាណដ៏សំខាន់មួយទៀតនោះ គឺព្រះកេសព្រះលោកេសូរធ្វើពីសំរឹទ្ធ នៅអំឡុងសតវត្សរ៍ទី១០ នៃគ្រិស្តសករាជដែលកម្ពុជាតែងព្យាយាមស្វែងរក ដើម្បីយកមកផ្គុំឡើងវិញជាមួយនឹងដងខ្លួនដែលបច្ចុប្បន្នកំពុងដាក់តាំងនៅសារមន្ទីរជាតិកម្ពុជា។ ព្រះកេសនេះប្រហែលត្រូវបា នគេលួចនៅក្នុងទសវត្សរ៍១៩៩០ រីឯដងខ្លួនត្រូវបានគេរកឃើញនៅក្នុងស្ទឹងមួយក្នុងទសវត្សរ៍១៩៣០ ក្នុងខេត្តបាត់ដំបង៕