(ពោធិ៍សាត់)៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍ រៀបចំដោយក្រសួងទេសចរណ៍ សហការអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តពោធិ៍សាត់។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការតំណាងលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានការអញ្ជើញអ្នកចូលរួម ចំនួន១១៥នាក់ ស្រី៣៧នាក់ មកពីមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត តុលាការ នគបាល កងរាជអាវុធហត្ថ ប្រតិបត្តិករ និងអ្នកបម្រើការតាមមូលដ្ឋានអាជីវកម្មទេសចរណ៍។

លោក រុន សារី តំណាងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តពោធិសាត់ បានស្វាគមន៍ និងរបាយការណ៍ពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ខេត្ត។ លោក ឡោ សុវិជ្ជា អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ បានផ្សព្វផ្សាយផែនការស្តីពីយុទ្ធការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលលើកទី៩ និងការណែនាំអនុវត្ត។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំនូវការអរគុណ និងកោតសរសើរពី សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានរៀបចំពិធីដ៏មានសារៈសំខាន់ ហើយបាននិងកំពុងឆ្លើយ តបទៅនឹងឆន្ទះដ៏មុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានចាត់ទុកគ្រឿងញៀនជាបញ្ហារួមដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។

លោកបានបង្ហាញពីស្ថានភាព នៃបញ្ហាគ្រឿងញៀន ក៏ដូចជាផលប៉ះពាល់មកលើបុគ្គល គ្រួសារ និងសហគមន៍ ហើយបានពន្យល់អំពីចំណុចសំខាន់ៗមួយចំនួន ក្នុងអាជីវកម្មវិស័យទេសចរណ៍ដែលអាចមានការពាក់ព័ន្ធ នឹងបទល្មើសគ្រឿងញៀន ព្រមទាំងបានសំណូមពរឱ្យម្ចាស់អាជីវកម្មស្វែងយល់បន្ថែម និងចូលរួមឱ្យកាន់តែសកម្មជាមួយសមត្ថកិច្ច ដើម្បីបង្ការ និងទប់ស្កាត់រាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងសួមទាញយកកម្មវិធី NoDrug មកប្រើប្រាស់ដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ថ្លែងក្នុងនាមលោក សុខ សូកេន, ក្នុងឱកាសនោះដែរ លោក កាទើ មហាំម៉ាត់ណោសស៊ី រដ្ឋលេខាធិការបានថ្លែងការកោតសើរចំពោះកិច្ចសហការពីគ្រប់ផ្នែកទាំងអស់ចូលរួមចំណែកនូវការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រកបដោយការទទួលខុសត្រូវ តាមជំនាញរៀងខ្លួន ពិសេសក្នុងវិស័យទេសចរណ៍និងមិនប៉ះពាល់ដល់គោលនយោបាយទាក់ទាញទេសចរណ៍របស់រាជរដ្ឋាភិបាល និងសូមសំណូមពរសូមបន្តការចូលរួមអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី៩ «ចូលរួមទាំងអស់គ្នាដើម្បីជិវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន» បន្តកសាងបាននូវសហគមន៍មួយមានការអភិវឌ្ឍប្រកបចីរភាព និងបរិយាប័ន្ន៕