(សៀមរាប)៖ លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា វិស័យធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយអាចរក្សាបាននូវស្ថិរភាព និងនិរន្តរភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្តពីសាធារណជន ចូលរួមកាត់បន្ថយភាពក្រីក្រ និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ ដល់ប្រជាជនទាំងនៅទីប្រជុំជន និងនៅតាមតំបន់ដាច់ស្រយាល។

បន្ថែមពីនេះ ស្របពេលបច្ចេកវិទ្យាឌីជីថល បាននិងកំពុងបោះជំហានយ៉ាងរហ័ស ក្នុងការជំរុញការតភ្ជាប់ទំនាក់ទំនាក់សង្គមពាសពេញ ពិភពលោក និងជំរុញដល់សកម្មភាពសេដ្ឋកិច្ច និងធុរកិច្ចសកល។ ការរីកចម្រើននៃបច្ចេកវិទ្យានេះ ក៏បានគាំទ្រដល់នវានុវត្តន៍សេវាហិរញ្ញវត្ថុ តួយ៉ាងដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលបាន និងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការលើកកម្ពស់ការទទួលបាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ផ្លូវការដែលមានភាពងាយស្រួល សុវត្ថិភាព និងតម្លៃសមរម្យ។

លោក អែម កំណាន់ លើកឡើងដូចនេះធ្វើឡើង ក្នុងសិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុ ស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ។

លោក អែម កំណាន់ បានបន្តថា ដើម្បីឆ្លើយតបទៅនឹង ការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មហេដ្ឋា រចនាសម្ព័ន្ធទូទាត់ជាបន្តបន្ទាប់ ក្នុងគោលដៅសម្រួលដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជា ប្រជាពលរដ្ឋទូទៅដែលជាអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធទូទាត់បាគង និង KHQR Code ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សេវាទូទាត់សងប្រាក់ អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ប្រាក់ ឆ្លងគ្រឹះស្ថាន និងឆ្លងប្រទេសមួយចំនួន (ដូចជា៖ ថៃ ម៉ាឡេស៊ី ឡាវ វៀតណាម និងក្រុមហ៊ុនអន្តរជាតិ យូញៀនផេ (UnionPay International)) បានដោយមិនអស់កម្រៃ មានភាពឆាប់រហ័ស និងសុវត្ថិភាពជាដើម។

លោកស្រី ឌិត នីតា ប្រធានប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៥៖
១-ដើម្បីធ្វើបច្ចុប្បន្នភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងបទប្បញ្ញត្តិ គោលការណ៍អភិបាលកិច្ច និងប្រសិទ្ធភាពនៃការគ្រប់គ្រងគ្រឹះស្ថាន/សាខាធនាគារ និងហិរញ្ញវត្ថុ
២-ដើម្បីកំណត់នូវស្ថានភាព កត្តាប្រឈម និងឱកាសនៃការប្រតិបត្តិតាមសាខាក្នុងតំបន់
៣-ដើម្បីធ្វើបច្ចុប្បន្នភាពអំពីគំនិតផ្តួចផ្តើមរបស់សមាគមក្នុងការពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាព និងកិច្ច ការពារអតិថិជន
៤-ពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាពនៃការគ្រប់គ្រងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ
៥-ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសាខាធនាគារ និងហិរញ្ញវត្ថុ និងព្រមទាំងជាមួយ អាជ្ញាធរខេត្ត។

​លោកស្រី ឌិត នីតា បន្តថា គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ វិស័យមីក្រូហិរញ្ញវត្ថុបានជួយគាំទ្រដល់ប្រជាពលរដ្ឋចំនួន ១,៥៥លាននាក់ និងបានផ្តល់ឥណទានចំនួន ៥,១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅទូទាំង​កម្ពុជា និងលើគ្រប់វិស័យនៃខឿនសេដ្ឋកិច្ចជាតិ ក្នុងសាខាសរុបទូទាំងប្រទេសចំនួន ៩០៦ សាខា និងមានបុគ្គលិកបំរើការសរុប ២១,៣១៨នាក់។

​លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សានៃសមាគមធនាគារនៅកម្ពុជា បានលើកដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់ និងជួបកត្តាប្រឈមជាសកលផ្សេងៗ ដូចជាវិបត្តិកូវីដ១៩ សង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ការកើនឡើងអតិផរណា ការកើនឡើងការប្រាក់ជាសកល ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក្នុងតំបន់ និងភាពតានតឹង ពាណិជ្ជកម្មរវាងអាមេរិក-ចិនជាដើម។ កត្តាប្រឈមទាំងអស់នេះ បានជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលមកលើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា តួយ៉ាងការកើនឡើងនូវឥណទានមិនដំណើរការ និងបញ្ហាមួយចំនួនទៀត។

លោកបន្តថា វិស័យធនាគារក៏រងការវាយប្រហារ និងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់ស្ថាប័នសារព័ត៌មានបរទេស និងអង្គការក្នុង និងក្រៅស្រុកមួយចំនួនលើ ចំណុចមួយចំនួនដូចខាងក្រោម៖
១. ការផ្តល់ប្រាក់កម្ចីដោយការបង្ខំដើម្បីសម្រេចផែនការរបស់ខ្លួន ដែលនាំឱ្យមានការជំពាក់ បំណុលច្រើនលើសលប់ កង្វះតម្លាភាព។
២. ការវាយតម្លៃលទ្ធភាពអាចខ្ចីឥណទានបាននៅមានកម្រិត។
៣. ការប្រមូលប្រាក់កម្ចីមិនសូវមានសីលធម៌ សម្លុត គម្រាម កំហែង។ល។
៤. ការធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិកូនបំណុល លក់ផ្ទះ/ដីធ្លីកូនបំណុល។ល។
៥. ការខ្វះចន្លោះយន្តការដោះស្រាយពាក្យបណ្តឹងរបស់អ្នកប្រើប្រាស់ជាដើម។

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ក៏បានសម្តែងនូវសេចក្តីរីករាយ និងមោទនភាពណាស់ ដែលខេត្តសៀមរាបត្រូវបានជ្រើសរើសជាទីតាំងសម្រាប់អង្គ សិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ដើម្បីប្រមូលនូវបញ្ហាប្រឈមនានារបស់សាធារណជនក៏ដូច ជាអតិថិជន អាជីវករ នៅមូលដ្ឋានក្នុងការទទួល និងប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុស្របច្បាប់។ សិក្ខាសាលានេះ ជាឱកាសបានជួបគ្នាដើម្បីស្វែងរកនូវដំណោះស្រាយ ព្រមទាំង ប្រមូលនូវធាតុចូលបន្ថែមទៀត ដើម្បីបន្តពង្រឹង និងអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ៕