(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ដែលឈរជើងនៅដែនជម្រកសត្វព្រៃ ព្រៃសហគមន៍ និងតំបន់វាលក្រោម (តំបន់៣) បន្តអនុវត្ត និងធ្វើសកម្មភាពប្រតិបត្តិការឲ្យជាប់ជាប្រចាំ ការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាព។

លោក ងួន រតនៈ ថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងការពារ ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។

ជាមួយគ្នានោះបន្ទាប់ពីមន្ត្រីជំនាញរាយការណ៍អំពីវឌ្ឍនៈភាពក្នុងចុះអនុវត្តជាក់ស្តែងក្នុងការបង្ក្រាប និងទប់ស្កាត់ធនធានធម្មជាតិ រួចមក លោក ងួន រតនៈ បានផ្តល់នូវគោលការណ៍សំខាន់ៗ មួយចំនួនដូចជា៖

១៖ អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ ត្រូវចាត់តាំងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានជ្រួតជ្រាប អំពីវិធានការផ្លូវច្បាប់ចំពោះជនទាំងឡាយណា ដែលបានឃុបឃិត ចូលរួម និងធ្វើសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ។

២៖ ពង្រឹងតួនាទីភារកិច្ច នៅទីបញ្ជាការស្រាល ក្នុងកិច្ចការពារទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។

៣៖ ក្តាប់ព័ត៌មានបន្ថែមអំពីចលនាអូសទាញប្រជាពលរដ្ឋ ប្រមូលផ្តុំប្រឆាំងតវ៉ា ដើម្បីមានវិធានការទាន់ពេលវេលា។

៤៖ ទីបញ្ជាការស្រាល និងសមត្ថកិច្ចជំនាញមានភារកិច្ចបន្តស្រាវជ្រាវរកមុខសញ្ញា ពិសេសអ្នកនៅពីក្រោយខ្នង ដោយសហការជាមួយមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ

៥៖ ចាត់វិធានការដកហូតដីដែលបានរកឃើញពីការទន្ទ្រានខុសច្បាប់ និងដីអាស្រ័យផលខុសច្បាប់ ព្រមទាំងកសាងសំណុំរឿងតាមនីតិវិធី។

៦៖ រៀបចំយុទ្ធនាការដាំដើមឈើ លើផ្ទៃដីដែលបានរកឃើញដោយការកាប់ទន្ទ្រានខុសច្បាប់នាពេលកន្លងទៅ៕