(ញូយ៉ក)៖ បន្ទាប់ពីបានចេញសេចក្ដីប្រកាសតាមចាប់ខ្លួនបុរសម្នាក់មានអាយុ ២៨ឆ្នាំ ឈ្មោះថា Ahmad Khan Rahami ដែលត្រូវបានគេសង្ស័យថាអាចមានជាប់ពាក់ព័ន្ធ នឹងករណី បំផ្ទុះគ្រាប់បែកកាលពីថ្ងៃសៅរ៍ ដែលបានបណ្ដាលមនុស្ស ២៩នាក់រងរបួសនោះ នៅទីបំផុត ប៉ូលិសអាមេរិក បានចាប់ខ្លួនជនសង្ស័យរូបនេះ បានហើយ ក្រោយផ្ទុះអាវុធជាមួយប៉ូលិស នៅក្បែរទីក្រុង Linden នៃរដ្ឋNew Jersey ជាប់នឹងទីក្រុងញូយ៉ក។ នេះបើយោងតាមការ ចេញផ្សាយដោយ NBC News នៅមុននេះបន្តិច នាយប់ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ ២០១៦។
អភិបាលក្រុងញូយ៉ក លោក Bill De Blasio បានឱ្យដឹងថា ជនសង្ស័យរូបនេះគឺជា មនុស្សមានគ្រោះថា្នក់ ព្រោះថារូបគេអាចមានអាវុធនៅក្នុងដៃ។
សូមជំរាបថា Ahmad Khan Rahami គឺជាជនជាតិអាហ្វហ្គានីស្ថានសញ្ជាតិអាមេរិក រស់នៅក្នុងរដ្ឋ New Jersey ជាទីដែលក្រុមអាជ្ញាធរបានរកឃើញកញ្ចប់គ្រាប់បែកមួយ នៅក្បែរស្ថានីយ៍រថភ្លើងក្នុងទីក្រុង Elizabethនៅថ្ងៃចន្ទនេះ។ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានរាយការណ៍ថាភ្នាក់ងារ FBI បានចាប់ខ្លួន មនុស្សចំនួន ៥នាក់ កាលពីថ្ងៃអាទិត្យ ប៉ុន្តែភ្លាមៗនោះដែរព័ត៌មាននេះត្រូវបាន FBI ច្រានចោល។
យ៉ាងណា ក៏ដោយប៉ូលិសក្រុងញូយ៉ក និង FBI ផ្ទាល់មិនទាន់បញ្ជាក់នោះទេថា ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះ មានជាប់ពាក់ព័ន្ធនឹង បណ្ដាញភេរវកម្មអន្តរជាតិឬក៏យ៉ាងណានៅឡើយទេ៕