(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីអង្គភាពពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាព ការសាងសង់ទីលានចាក់សម្រាមថ្មី ស្ថិតនៅក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម។

ទាក់ទិនទៅនឹងវឌ្ឍនភាពនៃការសាងសង់ទីលានចាក់សំរាមថ្មីនេះ, មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា លទ្ធផលសម្រេច នៃការសាងសង់មកដលពេលនេះបាន៨៧.៤៧%ហើយ។

មន្ត្រីបានឲ្យដឹងទៀតថា «គម្រោងសាងសង់ទីលានទុកដាក់សំរាមថ្មីនេះសាងសង់លើផ្ទៃដី ទំហំ ៨.១៣ហិកតា ក្នុងនោះទីលានទុកដាក់សំរាមទំហំ ១.៣ហិកតា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ចំនួន៤អាង សាងសង់ផ្លូវចូលទីលាន ចាក់សំរាម១ខ្សែប្រវែង ជាង២,០០០ម៉ែត្រ និងសាងសង់ផ្លូវបេតុងនៅក្នុងទីលាន ជាង១,០០០ម៉ែត្រ សាងសង់ច្រកចូល និងរបងមានអាគារការិយាល័យ និងអគារស្នាក់នៅកម្ពស់២ជាន់ កន្លែងថ្លឹងរថយន្ត អាគារសម្រាប់ញែកសំរាម អាគាររោងជាង អាគារស្តុកទុកកាកសំណល់ដែលគ្រោះថ្នាក់បណ្ដោះអាសន្ន អាគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹកកន្លែងលាងសម្អាតរថយន្ត អាគារសម្រាប់ធ្វើជាកំប៉ុស រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ និងដាក់ប្រព័ន្ធសូឡាថាមពលអគ្គិសនីព្រះអាទិត្យផងដែរ»

មន្ត្រីបានបញ្ជាក់ថា គម្រោងនេះ ទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន និងធេឡិចទ្រិច ខូអិលធីឌី គម្រោងនេះត្រូវប្រើរយៈពេលសាងសង់ ១៧ខែ ដោយចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥៕