(ព្រះសីហនុ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលា ស្តីពី ការពង្រឹងការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិក-មន្ត្រីរាជការ និងការពិនិត្យវាយតម្លៃលទ្ធផល ការគ្រប់គ្រងធនធានមនុស្សប្រចាំឆ្នាំ ២០២៣ និង ទិសដៅបន្តនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងបង្ហាញអំពីលទ្ធផល នៃការត្រួតពិនិត្យវាយតម្លៃការគ្រប់គ្រងបុគ្គលិក នៅតាមបណ្ដាអង្គភាពប្រចាំឆ្នាំ ២០២៣ និង ការផ្សព្វផ្សាយអំពីយន្តការពង្រឹងការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិក-មន្ត្រីរាជការ ជាពិសេស អំពីដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និង រចនាសម្ព័ន្ធរបស់ក្រសួង។

ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការ, លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និង តំណាងមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអ្នកចូលរួមសរុបប្រមាណ ៤០០ រូប នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថាសិក្ខាសាលានាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៣រួមមាន៖ ១. ការពិនិត្យវាយតម្លៃលទ្ធផលនៃការគ្រប់គ្រងធនធានមនុស្សប្រចាំឆ្នាំ ២០២៣ និង ការផ្សព្វផ្សាយណែនាំការអនុវត្តកិច្ចការងារគ្រប់គ្រងបុគ្គលិក-មន្ត្រីរាជការ, ២. ការផ្សព្វផ្សាយអំពីសៀវភៅក្របខណ្ឌគ្រប់គ្រង និង អភិវឌ្ឍធនធានមនុស្សឆ្នាំ ២០២៤-២០២៨, ៣. ការរៀបចំការវិភាគមុខងារក្រសួង-ស្ថាប័ន និង ការផ្សព្វផ្សាយបន្តលើវិធានការគន្លឹះនៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា ក្រោមការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និង ប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដោយបន្តផ្តោតសំខាន់លើអភិបាលកិច្ច និង ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ។ ជាមួយគ្នានេះ, មុំទី២ នៃស្នូលយុទ្ធសាស្ត្រនេះ ផ្តោតលើការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និង ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដែលមានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាងធនធានមនុស្ស ប្រកបដោយ សមត្ថភាព, ជំនាញ, ឆន្ទៈមោះមុត និងក្រមសីលធម៌-វិជ្ជាជីវៈ ស្របតាមតួនាទី និង ការទទួលខុសត្រូវ។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាសេនាធិការដ៏សកម្មមួយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេស ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់មុំទី ២ នៃស្នូលយុទ្ធសាស្ត្របញ្ចកោណ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវ ចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០៣០ ក្នុងការប្រែក្លាយជាស្ថាប័ននៃឧត្តមភាព ប្រកបដោយសមត្ថភាព និង គុណវុឌ្ឍិគ្រប់គ្រាន់ សម្រាប់បំពេញបេសកកម្មស្នូល និង ពាក់ព័ន្ធក្នុងការចូលរួមវិភាគទានឱ្យសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល។

លោកបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម និង កិច្ចខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមករបស់អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច រហូតទទួលបានលទ្ធផលផ្លែផ្កាជាទីមោទនៈ ជាពិសេស ការរៀបចំក្របខណ្ឌគ្រប់គ្រង និង អភិវឌ្ឍធនធានមនុស្សឆ្នាំ ២០២៤-២០២៨ ដែលជាផែនការយុទ្ធសាស្ត្រដ៏មានសារៈសំខាន់មួយ ក្នុងការតម្រង់ទិសសកម្មភាពការងារក្នុងរង្វង់នៃការគ្រប់គ្រង និង ការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង សំដៅគាំទ្រការកសាងធនធានមនុស្សនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យក្លាយជាធនធានមនុស្សដែលប្រកបដោយគុណភាព គុណវុឌ្ឍិ សមត្ថភាព និង ផលិតភាព ដើម្បីឆ្លើយតបឱ្យបានពេញលេញ ចំពោះការវិវត្តនៃសង្គម សេដ្ឋកិច្ច និង បច្ចេកវិទ្យាបច្ចុប្បន្ន។

លោកបណ្ឌិតសភាចារ្យ បានក្រើនរំលឹកផងដែរថា ទោះបីជាការផ្សព្វផ្សាយជាកត្តារួមចំណែកសំខាន់មួយពិតមែន ប៉ុន្តែដើម្បីឱ្យការងារគ្រប់គ្រងបុគ្គលិកមានភាពត្រឹមត្រូវឯកសណ្ឋានភាព សង្គតិភាព តម្លាភាព និង ប្រសិទ្ធភាពចាំបាច់ទាមទារឱ្យមានការសហការ និង ការចូលរួម ពីគ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងអស់។ ក្នុងន័យនេះ, គ្រប់អង្គភាពក្រោមឱវាទ និង បុគ្គលិក-មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់ ត្រូវបន្តគោរពឱ្យបានម៉ឺងម៉ាត់នូវរាល់បទប្បញ្ញត្តិច្បាប់ និង គោលការណ៍ណែនាំជាធរមាន ជាពិសេស ការគ្រប់គ្រង និង ការអភិវឌ្ឍធនធានមនុស្ស ដោយអនុលោមតាម អភិក្រម ៤ ត្រូវ គឺ៖ រើសត្រូវ, បណ្តុះបណ្តាលត្រូវ, ប្រើប្រាស់ត្រូវ និង ទុកដាក់ត្រូវ សំដៅរួមចំណែកសម្រេចចក្ខុវិស័យក្នុងការកសាងមូលធនមនុស្សរបស់រាជរដ្ឋាភិបាល៕