(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ចាម កំពុងរៀបចំក្រុងកំពង់ចាមជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលថ្នាំជក់ និងដើម្បីលើកកម្ពស់កិត្យានុភាពវិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍គ្មានផ្សែងបារី ជាទេសចរណ៍ស្អាត បៃតង និងមានសុវត្ថិភាព។
ដើម្បីរៀបចំដំណើរការនេះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ចាមបានសហការរៀបចំសិក្ខាសាលាមួយស្តីពីការពង្រឹងសមត្ថភាព ដើម្បីរៀបចំក្រុងកំពង់ចាមជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក្រោមអធិបតីភាពលោក ហោ សារុន រដ្ឋលេខាធិការ តំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។
លោក ហោ សារុន បានឱ្យដឹងថា ក្រុងកំពង់ចាម ក៏ដូចជាខេត្តកំពង់ចាមទាំងមូលតែងតែយកចិត្តទុកដាក់លើគ្រប់វិស័យ ជាពិសេសការការពារផលប៉ះពាល់សុខភាពពីការប្រើប្រាស់ផលិតផលថ្នាំជក់ ដែលក្នុងនោះខេត្តកំពង់ចាមក៏ខេត្តមួយនាំមុខគេផងដែរក្នុងការអនុវត្តយុទ្ធនាការត្រួតពិនិត្យផលិតផលថ្នាំជក់ និងធ្លាប់បានទទួលពានសរសើរពីអង្គការសុខភាពពិភពលោកផងដែរ។
លោករដ្ឋលេខាធិការបន្តថា សកម្មភាពគួរឲ្យកោតសរសើររបស់រដ្ឋបាលខេត្តកំពង់ចាម និងដំណើរការឆ្ពោះទៅរកការរៀបចំក្រុងកំពង់ចាមជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺមានគោលដៅរួមគ្នាដើម្បីកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលថ្នាំជក់ និងដើម្បីលើកកម្ពស់កិត្យានុភាពវិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍គ្មានផ្សែងបារី ជាទេសចរណ៍ស្អាត បៃតង និងមានសុវត្ថិភាព។ ក្នុងកិច្ចខិតខំប្រឹងប្រែងរៀបចំវិស័យទេសចរណ៍កម្ពុជាជាទេសចរណ៍គ្មានផ្សែងបារី ក្រសួងទេសចរណ៍បានលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងឯកសារគតិយុត្តផ្សេងៗទាក់ទងនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់នៅក្នុងចំណោមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នានាទូទាំងប្រទេសកម្ពុជា និងបានជំរុញឲ្យមានការអនុវត្តឲ្យបានត្រឹមត្រូវនៅតាមមូលដ្ឋានទាំងនោះផងដែរ។
លោកបន្តទៀតថា កាន់តែសំខាន់ជាងនេះទៀត សិក្ខាសាលានៅថ្ងៃនេះបានបង្ហាញពីតម្រូវការចាំបាច់ក្នុងការចូលរួមរបស់រដ្ឋបាលក្រុងកំពង់ចាមដើម្បីរៀបចំក្រុងកំពង់ចាមជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។
ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី មិនត្រឹមតែលើកកម្ពស់សុខុមាលភាពភ្ញៀវទេសចរ និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការចូលរួមកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលថ្នាំជក់មកលើសង្គមជាតិទាំងមូល។
លោក ហោ សារុន ក្នុងនាមជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ក្រសួងទេសចរណ៍បានខិតខំយកចិត្តទុកដាក់ចូលរួមជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ អនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំនានា។
លោករដ្ឋលេខាធិការក្រសួងទេសចរណ៍បានបន្ថែមថា ក្រសួងក៏បានដាក់ចេញសេចក្តីសម្រេចស្តីពីនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ ដែលផ្តល់ភាពងាយស្រួលដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ចូលរួមអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយគ្រាន់តែធ្វើតាមការណែនាំ ដែលមាននៅក្នុងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមានេះ។
ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាឲ្យកាន់តែប្រសើរ និងកាន់តែទូលំទំលាយថែមទៀត ក្រសួងទេសចរណ៍ក៏បានដាក់ចេញប្រកាសស្តីពីគោលការណ៍ណែនាំការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដែលជាការត្រួសត្រាយផ្លូវឲ្យក្រុង/ស្រុក/ខណ្ឌចូលរួមពង្រឹងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាស្តីពីការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ និងចូលរួមប្រតិបត្តិជាគំរូក្នុងការរៀបចំមូលដ្ឋានរបស់ខ្លួនឲ្យស័ក្តិសមជាទីក្រុងទេសចរណ៍ដែលមានភាពទាក់ទាញ៕