(ភ្នំពេញ)៖ ប្រជាពលរដ្ឋ១០៥គ្រួសារ ដែលមានជីវភាពខ្វះខាតរស់នៅក្នុងសង្កាត់វាលស្បូវខណ្ឌច្បារអំពៅ បានទទួលប័ណ្ណមូលនិធិសមធម៌ ប័ណ្ណគ្រួសារងាយរងហានិភ័យ ប័ណ្ណសំរាប់គ្រួសារអតីតយុទ្ធជនពលី និងប័ណ្ណសំរាប់ជនពិការ។

ពិធីចែកប័ណ្ណទាំង៤ប្រភេទខាងលើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណវត្តពុទ្ធស្ថាន នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួម លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ, មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ព្រមទាំងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតមកទទួលប័ណ្ណចំនួន១០៥។

លោក ចេង មុនីរ៉ា បានថ្លែងថា ប័ណ្ណទាំង៤ប្រភេទនេះ គឺមានអត្ថប្រយោជន៍ គុណប្រយោជន៍ និងគុណតម្លៃណាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន អ៊ំ ពូ មីងទាំងអស់គ្នា។ ចំពោះគ្រួសារណា ដែលទទួលបានប័ណ្ណមូល និធិសមធម៌ ពេលមានបញ្ហាសុខភាពទៅពិនិត្យនៅមន្ទីរពេទ្យមិនអស់លុយទេ ព្រមទាំងទទួលបានសាច់ប្រាក់ទៀត។ ប័ណ្ណនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល ដែលអតីតមានសម្ដេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នត្រូវបានបន្តវេនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

អភិបាលខណ្ឌ បានចាត់ទុកថា បងប្អូនអ៊ំពូមីងនៅតាមមូលដ្ឋាន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរ សមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយ (ភូមិ-សង្កាត់មានសុវត្ថិភា) ដើម្បីសហគមន៍យើងមានសុខ សន្តិភាពរស់នៅក្នុងភាពសុខដុមរមនា មិនមានការភ័យខ្លាចដែលបង្កឡើងដោយជនខិលខូចឬមុខសញ្ញាផ្សេងៗ ដូចជាគ្រឿងញៀនចោរកម្ម ក្មេងទំនើងជាដើម។

ក្នុងនាមអាជ្ញាធរខណ្ឌស្នើសុំឲ្យបងប្អូនអ៊ំពូមីង នៅតាមមូលដ្ឋានពេលជួបមុខសញ្ញាសង្ស័យ, សកម្មភាពក្មេងទំនើង និងមុខសញ្ញាប្រើប្រាស់ឬចែកចាយគ្រឿងញៀន សូមផ្ដល់ព័ត៌មានជាបន្ទាន់ មកអាជ្ញាធរសង្កាត់ខណ្ឌ ឬសង្កាត់ ដើម្បីចាត់វិធានការបង្ក្រាបទាន់ពេលវេលា។ រាល់ព័ត៌មានរបស់បងប្អូន អ៊ំពូមីង ដែលបានផ្តល់មកឲ្យអាជ្ញាធរសមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូនថែមទាំងការពារសុវត្ថិភាពរបស់បងប្អូនទៀតផង។

ជាមួយគ្នានេះ អភិបាលខណ្ឌច្បារអំពៅ ក៏បានអំពាវនាវប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅទាំងអស់ សូមកុំជួលផ្ទះឲ្យក្រុមរកស៊ីបើកល្បែងអនឡាញ ឆ្នោតឡូតូ និងល្បែងស៊ីសងផ្សេងៗទៀត។ ល្បែងស៊ីសង ទាំងអស់នោះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឲ្យលុបបំបាត់ខាងតែបាននៅទូទាំងប្រទេស មិនថាតែនៅក្នុងខណ្ឌច្បារអំពៅប៉ុណ្ណោះទេ។ ដូច្នេះសូមបងប្អូនទាំងអស់រស់នៅ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ចូលរួមជាមួយអាជ្ញាធរ សមត្ថកិច្ចខណ្ឌ ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីឲ្យបានម៉ឺងម៉ាត់បំផុត៕