(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះថា ថវិកាចំនួន៧០លានដុលា្លរ នឹងត្រូវចំណាយទៅលើ សេវាសុខភាព ដល់ប្រជាជនក្រីក្រនៅកម្ពុជា គ្រប់ស្ថានភាពទាំងអស់ ពិសេស លើក្មេងកំព្រា ចាស់ជរា និងជនពិការ។

លោករដ្ឋមន្រី្ដបានថ្លែងក្នុងពិធីប្រកាសជាផ្លូវការ ដាក់ឲ្យដំណើរការ គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល(Health Equity and Quality Improvement Project) នាសណ្ឋាគារអ៊ីនធឺខនថា ការអនុវត្ដន៍គម្រោង(H-EQIP)នេះ ជាមួយនឹងថវិកា៧០លានដុលា្លរ ដែលសហការគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ពិសេស ធនាគារពិភពលោក រដ្ឋាភិបាលអូស្ដា្រលី ស្ថាប័នហិរញ្ញវត្ថុ វិស័យសាធារណៈ សហព័​ន្ធអាល្លឺម៉ង់ ទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិកូរ៉េ រួមទាំងភាគីដទៃទៀត ដែលបានផ្ដល់ជំនួយ ក្នុងការសម្រួល និងដោះស្រាយនូវភាពបញ្ហាជាច្រើន ដល់​ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា។

លោករដ្ឋមន្ដ្រីថ្លែងបន្ថែមថា «ខ្ញុំក៏សូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ទាំងជាតិ-អន្ដរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានឯកភាពជាគោលការណ៍នូវការចូលរួមវិភាគទាន ជាថវិកាជាតិ ក្នុងសមាមាត្រប្រមាណជាងពាក់កណ្ដាលស្មើនឹង ៩៤.២លានដុល្លារ នៃថវិកាសរុប ១៧៥.២ លានដុល្លារ ពីឆ្នាំ២០១៦-២០២១ សម្រាប់គម្រោងដែលក្នុងបរិមាណសរុប៧០លានដុល្លារ នឹងត្រូវចំណាយសម្រាប់បង់ថ្លៃសេវាសុខភាពជួនជនក្រីក្រ តាមរយៈគម្រោងមូលនិធិសមធម៌សុខាភិបាល»

លោករដ្ឋមន្ដ្រីបន្ដថា លោកមានជំនឿយ៉ាងមុតមាំថា ការអនុវត្ដន៍គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលឆ្នាំ២០១៦-២០២១ ប្រាកដជានឹងបន្ដរួមចំណែកគាំទ្រការអនុវត្ដន៍ផែនការយុទ្ធសាស្ដ្រនេះ ជាពិសេសការត្រួសត្រាយផ្លូវឈានទៅសម្រេចបាន នូវការគ្របដណ្ដប់ ការថែទាំសុខភាពជាសកល ដោយជោគជ័យ៕