(សៀមរាប)៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ទទួលបន្ទុកផ្នែកជំងឺទឹកនោមផ្អែមបានលើកឡើងថា ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺភាគច្រើនកើតទៅលើកុមារដែលមានអាយុចន្លោះពី៤ទៅ១៤ឆ្នាំ។

លោកបានឱ្យដឹងថា រោគសញ្ញាសំខាន់ៗដែលឪពុក ម្តាយ ឬអាណាព្យាបាលត្រូវដឹងមានដូចជា៖ ហូបច្រើន ចុះស្គម ផឹកទឹកច្រើន នោមច្រើន អស់កម្លាំង។ ក្នុងករណីព្យាបាលមិនទាន់ពេលអាចបណ្តាលឱ្យកុមារសន្លប់ ហើយបើមិនបានព្យាបាលកុមារអាចនឹងស្លាប់បាន។ ដូច្នេះ សូមឪពុក ម្តាយ និងអាណាព្យាបាលត្រូវយកចិត្តទុកដាក់ចំពោះរឿងនេះ។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត បានបន្តថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមានការកើនឡើងដែលក្នុងមួយឆ្នាំមានរហូតដល់២០ករណី។ ជំងឺប្រភេទនេះមាននៅមន្ទីពេទ្យគន្ធបុប្ផា ទាំងនៅភ្នំពេញ និងសៀមរាប មានការកើនឡើងចំនួន៦៩៨នាក់ ក្នុងនោះនៅមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប មានចំនួន៣០៩នាក់។ ក្មេងកើតជំងឺនេះ ភាគច្រើនមានអាយុពី ៤-១៤ ឆ្នាំ។

ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលបណ្តាលមកពីការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់។ គេមិនទាន់បានដឹងច្បាស់នៅឡើយទេពីមូលហេតុនៃជំងឺនេះ៕

សូមទស្សនាការពន្យល់របស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឃុន លាងឈុន ដូចខាងក្រោម៖