(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានលើកឡើងថា ចំពោះការបណ្ដាលឲ្យលិចលង់តាមបណ្ដាផ្លូវមួយចំនួន និងផ្ទះសម្បែង ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងនាប៉ុន្មានថ្ងៃជាប់ៗគ្នាក្នុងរដូវវស្សា ជាមួយការកកស្ទះពីសំណល់សំរាមផ្សេងៗ ប្រហែលមិនយូរប៉ុន្មានទៀតទេ ប្រាកដជាអាចជួយរំដោះការលិចលង់បានយ៉ាងល្អប្រសើរ ជាក់ជាមិនខានឡើយ បន្ទាប់ពីស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ ត្រូវបានបញ្ចប់គំរោងសាងសង់ជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់ ស្របពេលដែលកំពុងពន្លឿនការស្ដារសម្អាតប្រព័ន្ធបង្ហូរទឹកព្រែកអូរវែង និងព្រែកបាក់ទូកបន្ថែមទៀត ដើម្បីរំដោះការលិចលង់ទាំងអស់នេះ សម្រាប់បម្រើតម្រូវការចាំបាច់តាមសំណូមពររបស់ប្រជាពលរដ្ឋ។

លោក ជិន ប៊ុនធឿន បានលើកឡើងយ៉ាងដូច្នេះ ក្នុងពេលលោក និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរសង្កាត់-ភូមិ បានចេញអន្តរាគមន៍ភ្លាមៗ ដើម្បីត្រួតពិនិត្យពីស្ថានភាពជាក់ស្ដែង នៅពេលធ្លាក់ភ្លៀងយ៉ាងខ្លាំងបណ្ដាលឲ្យជន់លិច ក្នុងការស្ដារសម្អាតរាល់កាកសំណល់សំរាមតាមប្រព័ន្ធលូ សម្រាប់សម្រួលដល់ចរន្ដលំហូររំដោះទឹកចេញតាមដងផ្លូវ ផ្សារ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ពិសេសតាមបណ្ដោយផ្លូវលេខ៦២R បុរីពិភពថ្មីទួលសង្កែ ក្នុងភូមិផ្សារតូច និងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន បានស្នើយ៉ាងទទូចដល់ម្ចាស់ក្បាលដី ដែលរស់នៅសងខាងព្រែកអូរវែងទាំងអស់ ត្រូវបញ្ឈប់ការចាក់ដីរំលោភយកដីព្រែក និងត្រូវរុះរើចេញជាបន្ទាន់នូវរាល់សំណង់សង់លើដីចំណីព្រែកមកប្រើប្រាស់ជាប្រយោជន៍ឯកជន ហើយត្រូវសហការជាមួយអាជ្ញាធរដែនដី និងមន្ត្រីមានសមត្ថកិច្ច ដើម្បីកំណត់ព្រំដីរបស់ខ្លួនឲ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ជាធរមាន៕