(ភ្នំពេញ)៖ ជនមានពិការភាពមួយចំនួន ដែលរស់នៅសង្កាត់ឫស្សីកែវ នឹងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ បានទទួលបណ្ណសម្គាល់ជនមានពិការភាព ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចូលរួមសកម្មភាពសង្គម សេដ្ឋកិច្ច និងទទួលបានអត្ថប្រយោជន៍ ពីវិស័យសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល និងអ្នកផ្តល់សេវាផ្សេងៗ ប្រកបដោយសមធម៌ និងបរិយាបន្នពីជនបង្គោលសង្កាត់-ខណ្ឌ ដឹកនាំដោយលោក អ៊ាន សុឃីម អភិបាលរងខណ្ឌ លោក អ៊ំ សំបូ ប្រធានការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខណ្ឌ និងអនុប្រធានលោក មឿន ប៉ុញ្ញពិសាល និងលោកស្រី ឌុល សុភី តំណាងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌ។

លោកអភិបាលរងខណ្ឌឫស្សីកែវ ប្រធាន និងអនុប្រធានការិយាល័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខណ្ឌ អាជ្ញាធរសង្កាត់ និងមន្ត្រីពាក់ព័ន្ធក្នុងនាមគ្រូបង្គោល នៅក្នុងការចុះចែកបណ្ណសម្គាល់ជនមានពិការភាពនេះ គឺធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងក្នុងគោលបំណង ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ជនមានពិការភាព ក្នុងការចូលរួមសកម្មភាពសង្គម សេដ្ឋកិច្ច និងទទួលបានអត្ថប្រយោជន៍ ពីវិស័យសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល និងអ្នកផ្តល់សេវាផ្សេងៗ ប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ការកសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ច។

សូមជម្រាបថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានប្រកាសដាក់ឲ្យប្រើប្រាស់ «បណ្ណសម្គាល់ជនមានពិការភាព» ជូនដល់ជនមានពិការភាពនៅកម្ពុជា ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី និងលោកនាយកប្រចាំប្រទេសអង្គការយូនីសេហ្វ (Unicef) លោក វីល ផាកស៍ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក IGOR DRIESMANS នៅសណ្ឋាគារភ្នំពេញ៕