(ភ្នំពេញ)៖ ក្រោមការយកចិត្ដទុកដាក់មិនដែលរំលង ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ជនពិការភ្នែកទាំងអស់ដែលជ្រកក្រោមសមាគមវិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក បានបន្ដការជួយឧបត្ថម្ភគាំទ្រ មិនដែលដាច់នោះឡើយពីមាតាមនុស្សធម៌នៃកម្ពុជា។

ជាក់ស្ដែងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់នូវការឧបត្ថម្ភជាស្បៀងបរិភោគ-ឧបភោគ និងថវិកាចំនួន ១០លានរៀល ជូនដល់សមាគមវិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក ជាលើកទី២ ដោយលើកទី១ កាលពីចុងឆ្នាំ២០២៣កន្លងទៅ។

ពិធីប្រគល់និងទទួលខាងលើនេះ បានធ្វើឡើងក្រោមអធិតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា, លោកស្រី ម៉ែន នារីសោភគ័ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការីមួយចំនួនទៀត ហើយសម្រាប់សមាគមវិទ្យុ និងទូរទស្សន៍អនឡាញ មានការចូលរួមដោយផ្ទាល់ពីលោក សែម សំណាង ដែលជាអគ្គនាយក ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

លោក សែម សំណាង ក្នុងនាមជាជនពិការភ្នែកមួយរូប ដែលមានឆន្ទះតស៊ូ ក្នុងជីវិតដើម្បីមានអនាគតភ្លឺស្វាងដូចទៅនឹងប្រជាពលរដ្ឋទូទៅ ដែលមានកាយសម្បទានពេញលេញនិងរឹងមាំ បានលើកឡើងថា ការបង្កើតសមាគមវិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែកនេះឡើង គឺចង់ឱ្យជនពិការទាំងអស់ ពិសេសជនពិការភ្នែក ទទួលបាននូវការគាំទ្រការលើកកម្ពស់សមត្ថមភាព ជាពិសេសគឺឱកាសការងារដែលប្រកបដោយសេចក្ដីថ្លៃថ្លូរ មានសិទ្ធិសេរីភាពបូរិបូរណ៌ និងមានសមត្ថភាពក្នុងការរស់នៅក្នុងសង្គម ប្រកបដោយសន្ដិភាព ក្ដីសង្ឃឹម វិបុលភាព មោទនភាពជីវិត និងការចូលរួមអភិវឌ្ឍសង្គមជាតិ។

លើសពីនោះលោកចង់ជំរុញលើកទឹកចិត្ដដល់ជនពិការទាំងអស់ ពិសេសជនពិការភ្នែក ឱ្យមានការតស៊ូ មានក្ដីសង្ឃឹម និងមានមោទនភាពជីវិត ព្រមទាំងចូលរួមចំណែកក្នុងការអប់រំបណ្ដុះបណ្ដាល បង្កើតជំនាញវិជ្ជាជីវៈផ្សេងៗដល់ជនពិការទាំងអស់។

«ដូច្នេះអ្វីដែលខ្ញុំប្រឹងប្រែងនេះ គឺពិតជាទទួលបានមែន ដោយក្រោមម្លប់នៃសុខសន្ដិភាព និងការគាំទ្រទាំងស្រុងពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺសម្ដេចទាំងទ្វេ បានជួយឧបត្ថម្ភទាំងស្រុងកន្លងមក ទាំងថវិកា សម្ភារៈផ្សព្វផ្សាយវិទ្យុ ពិសេសគឺសាងសង់អគារស្នាក់នៅ ដែលមានកម្ពស់៤ជាន់ ១៦បន្ទប់ ដែលនឹងសាង់សង់រួចរាល់នៅចុងឆ្នាំនេះ ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ»។នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក សែម សំណាង អគ្គនាយកសមាគម។

សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (វិទ្យុ FM94.70MHz រាជធានីភ្នំពេញ) បានបង្កើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១០ មានសមាជិក ៩០នាក់ ដោយមានស្នាក់ការនៅរាជធានីភ្នំពេញ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពង់ចាម ដែលត្រូវបានទទួលការឧបត្ថម្ភកសាងទាំងស្រុងពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ដោយសារសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក ជាប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ទើបនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់នូវអំណោយសម្រាលការលំបាកជូនដល់សមាគមនេះ រួមមាន៖ អង្ករ ២តោន, អង្ករសុខភាព ១០កេស, មី ២០កេស, ត្រីខ ៥០០កំប៉ុង, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, និងថវិកា ១០លានរៀល។

ក្នុងឱកាសនោះដែរ លោកស្រី ពុំ ចន្ទីនី ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក និងក្ដីនឹករលឹក អាណិតស្រលាញ់ ជូនដល់សមាគមវិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក ពិសេសបន្ដលើកជំរុញលើកទឹកចិត្ដ ឱ្យខិតខំប្រឹងប្រែងបន្ដទៀត ក្នុងការពង្រឹងសមត្ថភាព ចំណេះ និងជំនាញ ដើម្បីឱ្យឆាកជីវិតមានភាពល្អប្រសើរឡើង ពិសេសក្លាយជាគំរូដល់ជនពិការផ្សេងទៀត ឱ្យចេះអំណត់តស៊ូ រៀនសូត្រ ឬបណ្ដុះជំនាញដែលខ្លួនអាចធ្វើបាន ដើម្បីធ្វើទុនសម្រាប់ជីវិតទៅថ្ងៃអនាគត និងជាទីពឹងនាក់របស់គ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានោះលោកស្រី ពុំ ចន្ទីនី ក៏បានណែនាំដល់បងប្អូនជាជនពិការភ្នែក នៅក្នុងសមាគម គឺត្រូវចេះថែរក្សា ការពារ សុខភាព ហូបស្អាត ផឹកស្អាត ជៀសវាងជំងឺឆ្លង និងមិនឆ្លងផ្សេងទៀត ហើយត្រូវប្រកាន់ភ្ជាប់ការបរិភោគប្រចាំថ្ងៃ អំបិលតិច ស្ករតិច និងខ្លាញ់តិច ពិសេសកុំបរិភោគភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពនៅថ្ងៃខាងមុខ៕