(ភ្នំពេញ)៖ សហជីពធំៗនៅកម្ពុជា បានបន្តទាមទារឱ្យអង្គការសង់ត្រាល់បង្ហាញជាសាធារណៈពីសំណួរ និងសហជីពដែលបានផ្តល់បទសម្ភាសន៍ដែលជាធាតុសំខាន់បំផុត ក្នុងការធ្វើរបាយការណ៍ដែលនាំឱ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៤ បានលើកឡើងថា «យើងស្នើឱ្យសង់ត្រាល់បង្ហាញនូវភស្តុតាង ហើយយើងនឹងធ្វើការទាំងអស់គ្នាទៅលើអ្វីដែលមាននៅលើរបាយការណ៍របស់គាត់ពិតប្រាកដ»

លោកបានបន្ថែមថា របាយការណ៍សង់ត្រាល់ដែលគ្មានភស្តុតាងដូច្នោះ គឺមិនអាចទទួលយកបាននោះទេ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច មុខមាត់ប្រទេស និងកម្មករនិយោជិករាប់សិបម៉ឺននាក់ដែលរំពឹងលើវិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង។

ប្រធានសម្ព័ន្ធសហជីពជាតិ បានបន្តថា មកដល់ពេលនេះសង់ត្រាល់គួរតែបង្ហាញពីសហជីពទាំង ១៤ ដែលខ្លួនបានសម្ភាស និងស្រាវជ្រាវ ប្រសិនបើមាន យើងនឹងទទួលខុសត្រូវ តែបើគ្មាននោះអ្វីដែលសហជីពទាំងអស់ប្តឹងគឺមិនខុសនោះទេ។

ជាមួយគ្នានោះដែរ លោក ហង្ស រ៉ារី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានិយាយថា «សង់ត្រាល់ គួរតែបង្ហាញសំណួរដែលខ្លួនបានសម្ភាសជាមួយសហជីពមូលដ្ឋាន ព្រោះយើងមិនអាចលើកយកសំណាកមួយដែលមានតែរបាយការណ៍ តែមិនមានភស្តុតាងគ្រប់គ្រាន់បានទេ»

លោកបានបន្ថែមទៀតថា ការលាក់បាំងរបស់សង់ត្រាល់បង្ហាញពីចេតនាអាក្រក់ ដែលមានបំណងក្នុងការបំផ្លាញវិស័យកាត់ដេរ និងស្ថេរភាពកម្មករនិយោជិកនៅកម្ពុជា។

ដោយឡែក លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បាននិយាយថា «អង្គការសង់ត្រាល់គួរតែហ៊ានបង្ហាញនូវកម្រងសំណួរក្នុងកិច្ចសម្ភាសរបស់គាត់ជាមួយនឹងកម្មករនិយោជិកប្រមាណជាងជិត ១០០ នាក់នោះ ហើយហ៊ានបង្ហាញនូវលទ្ធផលសំណាក់នៃការរកឃើញ ថាពិតជាបានសួរកម្មករដោយមិនត្រូវលាក់បាំងនោះទេ»

ប្រធានក្រុមប្រឹក្សាជាតិសហជីព បន្ថែមថា សង់ត្រាល់គួរតែហ៊ានបង្ហាញថា តើខ្លួនសម្ភាសកម្មករប៉ុន្មាននាក់ ទទួលបានលទ្ធផលអវិជ្ជមាន និងវិជ្ជមានប៉ុន្មាន ហើយយកទៅថ្លឹងថ្លែងរបៀបម៉េចទើបបានចេញជារបាយការណ៍ដ៏ងងឹតនេះ។

លោកបានបន្តថា ប្រសិនបើសង់ត្រាល់មិនបញ្ចេញពីលទ្ធផលនៃការសម្ភាសជាមួយកម្មករនិយោជិកដែលខ្លួនធ្លាប់បានធ្វើនោះទេ បានន័យថាសង់ត្រាល់មិនហ៊ានទទួលខុសត្រូវលើអ្វីដែលខ្លួនបានធ្វើ និងមានចេតនាអាក្រក់មកបំផ្លាញវិស័យកាត់ដេរនៅកម្ពុជា៕