(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អាជីពគ្រូបង្រៀន គឺមិនវាយតម្លៃគាត់មានទ្រព្យដូចជាមហាសេដ្ឋីនោះទេ តែគេវាយតម្លៃលើសិស្សរបស់គាត់ នៅពេលប្រឡងបាននិទ្ទេស និងជោគជ័យលើអាជីពការងារ។

សម្តេចធិបតី ថ្លែងបែបនេះ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ​ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា អ្នកចាប់យកអាជីពគ្រូបង្រៀន គឺមានការប្តេជ្ញាចិត្តខ្ពស់។ សម្តេចធិបតី បន្តថា ដើម្បីលើកកម្ពស់ជីវភាពគ្រូ មិនមែនគិតតែដំឡើងប្រាក់បៀវត្សរ៍នោះទេ គឺត្រូវគិតគូរពីការសម្រាលបន្ទុកចំណាយរបស់គាត់ផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖​ «ពេទ្យពូកែមិនមែនគេវាយតម្លៃដោយសារមានមន្ទីរពេទ្យធំ មានឧបករណ៍ច្រើនទេ តែនៅពេលមានមនុស្សទៅព្យាបាលជា។ គ្រូដូចគ្នា គេមិនវាយតម្លៃសមិទ្ធផលរបស់គ្រូក្នុងវិស័យអប់រំ ជាមហាសេដ្ឋី មានប្រាក់ច្រើនដូច អីឡន ម៉ាស នោះទេ ប៉ុន្តែនៅពេលសិស្សរបស់គាត់ប្រឡងបាននិន្ទេស A ហើយចោគជ័យយ៉ាងម៉េច។ បើតាមអាជីវកម្មផ្សេង គេវាយតម្លៃក្រុមហ៊ុនហ្នឹងបានប៉ុន្មាន តែសម្រាប់គ្រូ បើសិស្សកាន់តែជោគជ័យ និទ្ទេស A កាន់តែច្រើន នេះហើយសមិទ្ធផលរបស់សាលា របស់គ្រូ នេះគឺជាការណ៍ពិត»

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា រាជរដ្ឋាភិបាលគ្មានគោលការហាមឃាត់សម្បុរសជន និងសហគមន៍ចូលរួមកសាងសាលារៀននោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានលើកទឹកចិត្តឱ្យសាលារៀនបង្កើតកម្មវិធីលើកទឹកចិត្តគ្រូបង្រៀនល្អ និងសិស្សរៀនពូកែ៕