(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា សមត្ថភាពរបស់មនុស្សជាកត្តាកំណត់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ព្រោះទាល់តែមនុស្សមានសមត្ថភាពខ្លាំង ទើបប្រទេសជាតិមួយមានការអភិវឌ្ឍខ្លាំងដូចគ្នានេះដែរ។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ​ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីឲ្យធនធានមនុស្សមានសមត្ថភាពនោះ គឺត្រូវពឹងផ្អែកទៅលើការអប់រំបណ្ដុះបណ្ដាល ហើយឆ្អឹងខ្នងនៃវិស័យអប់រំ ផ្ដោតទៅលើគុណភាពគ្រូបង្រៀន ក៏ជាកត្តាគន្លឹះកំណត់សមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេសផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «គុណភាពមនុស្សជាកត្តាកំណត់ នៃសមត្ថភាពប្រទេសអភិវឌ្ឍន៍ ទាល់តែមនុស្សខ្លាំង បានយើងអភិវឌ្ឍន៍ខ្លាំង។ បើប្រជាជនអត់ចេះកុំព្យូទ័រ ភាសាអង់គ្លេស តើទៅយកកុំព្យូទ័រមកប្រើយ៉ាងមិចកើត? កត្តាកំណត់ធនធានមនុស្ស គឺការអប់រំបណ្ដុះបណ្ដាល [...] មនុស្សកំណត់អ្វីៗទាំងអស់ បើមិនពង្រឹងធនធានមនុស្សដើរមិនទាន់គេឡើយ»។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ប្រសិនបើគ្រូបង្រៀនមិនខ្លាំងពូកែ នោះសិស្សដែលបញ្ចប់ការសិក្សាចេញទៅបំពេញការងារផ្សេងៗ ក៏មិនពូកែ និងខ្លាំងនោះដែរ ហើយនាំឲ្យការប្រកួតប្រជែងក៏នៅមានកម្រិត។ ទាំងអស់នេះ បានបង្ហាញឲ្យឃើញថា គ្រូ និងគ្រឹះស្ថានបណ្ដុះបណ្ដាល ជាកត្តាមួយដ៏សំខាន់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ។ ក្នុងន័យនេះ សម្ដេចក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់វិស័យអប់រំ ដើម្បីឲ្យធានានូវប្រសិទ្ធភាព និងគុណភាពខ្ពស់ នៃការបណ្ដុះបណ្ដាលគ្រូបង្រៀននៅកម្ពុជា។

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ថា នៅក្នុងដំណាក់កាលប្រទេសកំពុងជួបនូវវិបត្តិសង្គ្រាម ថវិការបស់រាជរដ្ឋាភិបាលបានទម្លាក់ទៅវិស័យការពារជាតិ មានទំហំមួយដែលធំជាងគេ ប៉ុន្ដែក្រោយបញ្ចប់សង្គ្រាមថវិកាត្រូវបានទម្លាក់ទៅវិស័យអប់រំ មានការកើនឡើង។ សម្ដេចបន្ថែមថា កាលពីឆ្នាំ២០២០ ថវិកាជាតិដែលផ្ដល់ទៅវិស័យអប់រំ មាន៣.២ទ្រីលានរៀល ហើយមកដល់ឆ្នាំ២០២៤ តម្លើងរហូតដល់៣.៧ទ្រីលានរៀល។

សូមជម្រាបថា តាមរយៈការអនុវត្តកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន វិទ្យាស្ថានគរុ​កោ​សល្យ​រាជធានីភ្នំពេញ បានខិតខំធ្វើការអភិវឌ្ឍលើគ្រប់រូបភាពទាំងខាងផ្នែករឹង និងផ្នែកទន់ ដោយមានការគាំទ្រពីជំនួយហិរញ្ញប្បទានឥតសំណងរបស់​រាជរដ្ឋាភិបាល​ និង​ប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា និងទីភ្នាក់ងារ JICA រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូអភិវឌ្ឍនានាផ្សេងទៀត៕