(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា អ្នកចាប់យកអាជីពជាគ្រូបង្រៀន សុទ្ធតែជាអ្នកមានការតាំងចិត្តខ្ពស់ បើផ្អែកទៅលើអត្រានៃការលះបង់ ដែលនេះគឺជាកិច្ចការសំខាន់ដែលជាមោទនភាពរបស់ជាតិយើង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ​ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសួរអ្នកដែលស្ម័គ្រចិត្តចាប់យកអាជីពជាគ្រូ គឺមានការតាំងចិត្តខ្ពស់បើផ្អែកទៅលើអត្រានៃការលះបង់ ហើយនេះមិនមែនដោយសារទើបតែតម្លើងប្រាក់ខែនោះទេ គឺមានតាំងពីមុនមកម្លេះ មានន័យថា មានការតាំងចិត្តមកខ្ពស់ ដែលនេះគឺជាកិច្ចការសំខាន់ដែលជាមោទនភាពរបស់យើង»

ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអរគុណចំពោះការខិតខំប្រឹងប្រែងរបស់គរុសិស្ស គរុនិស្សិតទាំងអស់ក្នុងការចាប់យកអាជីពជាគ្រូបង្រៀននេះ។ សម្តេចបញ្ជាក់ថា អាជីពដើរតួរជាទេវតា មានពេទ្យ និងគ្រូបង្រៀន ព្រោះពេលគេទៅបន់ឱ្យមានសុខភាពល្អ មានពេទ្យជាអ្នកឆ្លើយតប ហើយពេលគេទៅបន់សុំឱ្យមានភាពជោគជ័យ គឺមានគ្រូបង្រៀនេះជាអ្នកឆ្លើយតបជួយបង្រៀនឱ្យគេមានចំណេះដឹងខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា អាជីពជាគ្រូបង្រៀន និងគ្រូពេទ្យ មិនមែនមានការវាយតម្លៃថា គ្រូបង្រៀន គ្រូពេទ្យ សល់អ្វីឫបានអ្វីនោះទេ គឺគេវាយតម្លៃទៅលើអ្នកផ្សេងបានសល់អ្វីទៅវិញ។ គេអាចវាយតម្លៃសមត្ថភាពពេទ្យ មិនមែនដោយសារពេទ្យធំ មានឧបករណ៍ច្រើននោះទេ គឺដោយសារអ្នកជំងឺបានជាសះស្បើយច្រើន ហើយគ្រូបង្រៀនក៏ដូចគ្នា គេមិនវាយតម្លៃដោយសារគាត់មានបានខ្លាំងនោះទេ គឺមើលទៅលើសិស្សរៀនពូកែ និងទទួលបានជោគជ័យយ៉ាងមិច ដែលនេះជាជោគជ័យរបស់សាលា និងរបស់គ្រូបង្រៀន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា គ្រូបង្រៀនគឺជាសេដ្ឋីនៃកិត្តិយស ជាក់ស្តែងគ្រូបង្រៀនសម្តេចផ្ទាល់ ទោះបីជាសម្តេចឡើងជានាយករដ្ឋមន្ត្រីក៏ដោយ នៅពេលជួប សម្តេចនៅតែជម្រាបសួរ និងអះអាងថាជាគ្រូរបស់សម្តេចដដែលមិនមានការប្រែប្រួលនោះទេ៕